អ្នកស្រុកជាប់គាំងលើដំបូលផ្ទះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង វាយលុកភាគខាងកើតប្រទេសអូស្រ្តាលី

Posted By: RoogRog Robot | 21-May-2025 09:07:52

2025-05-21 04:01pm

(ស៉ីដនី)៖ ទឹកជន់លិចភ្លាមៗ នៅភាគខាងកើតប្រទេសអូស្ត្រាលី នាថ្ងៃពុធនេះ បានបណ្តាលឱ្យជន់លិចផ្ទះសម្បែង ហើយអ្នកស្រុកត្រូវឡើងទៅលើដំបូលផ្ទះ ដើម្បីគេចពីគ្រោះថ្នាក់ ខណៈដែលអាជ្ញាធរព្រមានថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ ២០២៥។

អាជ្ញាធរនិយាយថា ភ្លៀងធ្លាក់ពីរថ្ងៃមកនេះ នៅក្នុងផ្នែកខ្លះនៃរដ្ឋ New South Wales បានធ្វើឱ្យផ្ទះ អាជីវកម្ម និងផ្លូវថ្នល់ ក្លាយជាវាលភក់។ ប្រធានទីភ្នាក់ងារអាសន្នរដ្ឋ លោក Jihad Dib បានប្រាប់អ្នកកាសែតថា <<យើងប្រឈមនឹងស្ថានភាព​មួយ ​ដែល​មានភ្លៀង​​ខ្លាំង ហើយ​វា​មិន​ទាន់​រំកិល​ទៅ​ណា​ឡើយ>>។

ទីក្រុង Taree ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រភាគខាងជើងទីក្រុងស៊ីដនី គឺជាតំបន់ដែលសេវាសង្គ្រោះបន្ទាន់ បារម្ភជាងគេ បន្ទាប់ពីភ្លៀងធ្លាក់កម្រិត ៤១៥មីលីម៉ែត្រ បានបោកបក់មកលើទីក្រុងនេះ ចាប់តាំងពីថ្ងៃចន្ទ ពោលគឺច្រើនជាង ៤ដងនៃរបាយទឹកភ្លៀងប្រចាំខែជាមធ្យម សម្រាប់ខែឧសភា។

អាជ្ញាធរបានឱ្យដឹងថា ទឹកទន្លេមួយក្នុងទីក្រុង Taree បានហក់ឡើងលើសកំណត់ត្រាឆ្នាំ ១៩២៩ ដោយឈានដល់កម្រិត ៦.៣ម៉ែត្រ គិតត្រឹមថ្ងៃពុធនេះ។ ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានព្យាករថា នឹងកើតឡើងក្នុងរយៈពេល ៤៨ម៉ោងខាងមុខ មុនពេលធូរស្រាលវិញ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...