អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឃាត់មនុស្ស២នាក់ ដើរយកលុយពីអាជីវករលក់ដូរតាមចិញ្ចើមផ្លូវ

Posted By: RoogRog Robot | 13-May-2025 17:27:59

2025-05-13 05:23pm

(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនមនុស្ស២នាក់ ដែលបានដើរយកលុយពីអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យក្រុមប្រជាពលរដ្ឋទាំងនោះមានការក្ដៅក្រហាយ។

ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅ ភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មនុស្សទាំង២នាក់មានឈ្មោះ ម៉ី សាផាត អាយុ៤១ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ និងឈ្មោះ សា ម៉ាក់ឆាន អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។ ពួកគេស្នាក់នៅផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរបាននិយាយថា ពួកគេបានដើរប្រមូលលុយពីអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងម្នាក់ៗ ១ខែចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារ ឡើងទៅជារៀងរាល់ខែ ដែលបានធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ ហើយបានរាយការណ៍ជូនអាជ្ញាធរខណ្ឌអំពីរឿងនេះ។

ដោយអនុវត្តតាមបទបញ្ជារបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពួកគេទាំង២នាក់ បញ្ជូនទៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...