សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បើកសិក្ខាសាលាបូកសរុបលទ្ធផល នៃការអនុវត្តគម្រោងត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន និងប្រកាសជ័យលាភី

Posted By: RoogRog Robot | 13-May-2025 13:13:59

2025-05-13 01:06pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានបើកសិក្ខាសាលាបូកសរុបលទ្ធផល នៃការអនុវត្តគម្រោង និងលើកទិសដៅបន្ត ព្រមទាំងប្រកាសលទ្ធផលដល់រាជធានី-ខេត្ត ដែលបានអនុវត្តគម្រោងត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន ទទួលបានជ័យលាភី ក្នុងការអនុវត្តគម្រោង ដែលបានស្នើសុំនៅតាមមូលដ្ឋាន។

សិក្ខាសាលាបូកសរុបលទ្ធផល គឺដើម្បីបញ្ចប់ការអនុវត្តគម្រោង <<ត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន>> ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិហ្គេត (Gate Foundation) តាមរយៈសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ដែលអនុវត្តពីខែកក្កដា ឆ្នាំ២០២៣ មកដល់ខែឧសភា ឆ្នាំ២០២៥ ដោយអគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាលេខាធិការដ្ឋានរបស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

អង្គសិក្ខាសាលនេះ គោលបំណងដើម្បីឆ្លុះបញ្ចាំងរួមគ្នា និងអបអរសាទរ ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនៃគម្រោងពីផ្នែកនីមួយៗ នៃផ្នែកទាំង៤ និងដោយភ្នាក់ងារអនុវត្តនីមួយៗ តបនឹងគោលបំណង គម្រោងទាំងមូល។ ដើម្បីដកស្រង់រៀនសូត្រចំនុចសំខាន់ៗពីការអនុវត្តសមាសធាតុទាំង៤នៃគម្រោង។ ដើម្បីពិនិត្យមើលសមិទ្ធិផលរួមគ្នានៃគម្រោង បន្ទាប់មកស្នើ/លើកទិសដៅសកម្មភាព អាទិភាពសម្រាប់ដំណាក់កាលបន្ទាប់នៃគម្រោង (ដាក់សំណើរទៅAIMF) ។

អង្គសិក្ខាសាលា ប្រារព្ឋឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងមានការចូលរួមពីសំណាក់ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត, លោកស្រី មុំ ក្រសាល អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត, លោកស្រី ទិត្យ សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តកំពត តំណាងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត, តំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងលេខាធិការដ្ឋាន គ.ជ.អ.ប, តំណាងគណៈអភិបាលរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពត, លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក និង មេឃុំ ចៅសង្កាត់ មកពីខេត្តសៀមរាប និង ខេត្តកំពត ប្រមាណ៥០រូប ។

លោក ម៉ប់ សារិន បានលើកឡើងថា គម្រោង <<ត្រៀមបម្រុងឆ្លើយ តបគ្រោះអាសន្ន>> នេះ មានគោលបំណងលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងការរៀបចំ និងចាត់ចែងការងារត្រៀមបម្រុងគ្រោះអាសន្ន និងគាំទ្រឱ្យមានការសន្ទរនា រវាងក្រសួង ស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការងារត្រៀមបម្រុង ឆ្លើយតបគ្រោះអាសន្ន ដែលរដ្ឋបាលថ្នាក់ក្រោមជាតិជាគោលដៅនៃគម្រោង រួមមាន ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត។

សូមបញ្ជាក់ថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញ នាឱកាសនេះ រៀបចំឡើង ក្នុងគោលបំណងឆ្លុះបញ្ចាំង និងអបអរសាទរចំពោះវឌ្ឍនភាព និងសមិទ្ធផលគម្រោងតាមផ្នែក និងតាមភ្នាក់ងារអនុវត្តន៍នីមួយៗ ធៀបនឹងគោលបំណងគម្រោងទាំងមូល ព្រមទាំងធ្វើការពិភាក្សា ដើម្បីបង្កើតសកម្មភាពថ្មីបន្ថែម ឬការងារត្រូវអនុវត្តបន្ទាប់ ដោយផ្អែក លើសមិទ្ធផលដែលគម្រោងសម្រេចបាន នាដំណាក់កាលបច្ចុប្បន្ន។

តាមរយៈការចូលជាសមាជិក AIMF ក្នុងរយៈកាលកន្លងមក តំណាងសមាគមជាតិ និងរដ្ឋបាលរាជធានី ខេត្ត បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដែលជាសន្និបាតប្រចាំឆ្នាំ របស់ AIMF និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពនានា ព្រមទាំងទទួលបានសមិទ្ធផលរូបវ័ន្តមួយចំនួន សាងសង់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាមួយគ្នានោះ តាមរយៈគម្រោង <<ពង្រឹងសមត្ថភាពអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាព ក្នុងការទទួលបានសេវាសាធាររណៈជាសារវ័ន្ត>> អនុវត្តដោយ AIMF ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ក្រោមការគាំទ្រពី EU, កម្មវិធីពានរង្វាន់ <<ឧត្តមភាពលើការងាររៀបចំតំបន់ ប្រជុំជន>> ត្រូវបានអនុវត្តក្នុងគោលបំណងជ្រើសរើស និងទទួលស្គាល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ដែលអនុវត្តគម្រោងប្រកបដោយគំនិតច្នៃប្រឌិត និងការអនុវត្តល្អលើការរៀបចំតំបន់ប្រជុំជន។

ជាលទ្ធផលនៃកម្មវិធីពានរង្វាន់ ៖*ជ័យលាភីលេខ១៖ បានទៅលើក្រុងពោធិ៍សាត់ ដែលអនុវត្តគម្រោងសាងសង់ទំនប់បង្អោរក្បាលហុង*ជ័យលាភីលេខ២៖ បានទៅស្រុកបន្ទាយ ស្រី ខេត្តសៀមរាប ដែលអនុវត្តគម្រោង ផ្ទះ១ អំពូល១*ជ័យលាភីលេខ៣៖ បានទៅសង្កាត់ទឹកល្អក់១ នៃរាជធានីភ្នំពេញ អនុវត្តគម្រោងសាងសង់ផ្លូវបេតុងសហគមន៍ភូមិ១៥-១៦។

រីឯរដ្ឋបាលពីរទៀត ទទួលបានរង្វាន់លើកទឹកចិត្តគឺ សង្កាត់ក្រាំងអំពិល នៃក្រុងកំពត និងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។ តាមរយៈគម្រោង AIMF នេះដែរ សមិទ្ធផលរូបវ័ន្ត មួយចំនួន បានកើតឡើង រួមមាន៖ ការសាងសង់អគារសហគមន៍ជនក្រីក្រស្ទឹងមានជ័យ និងសួនកុមារស្ទឹងមានជ័យ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ របស់រដ្ឋបាល រាជធានីភ្នំពេញ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល និងការសាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ក្រុងសៀមរាប នៅសង្កាត់ស្វាយដង្គំ នៅខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមសមាគមជាតិក្រុមប្រឹក្សាជាតិ បានថ្លែងអំណរគុណចំពោះមូលនិធិហ្គេត (Gate Foundation) តាមរយៈ AIMF ដែលបានគាំទ្រការអនុវត្តគម្រោង <<ត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន>> នៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងក្របខ័ណ្ឌគម្រោង បានលើកកម្ពស់នូវសមត្ថភាព និងការយល់ដឹងរបស់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ព្រមទាំងគណៈអភិបាល និងមន្ត្រីពាក់ព័ន្ធ នៃរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត ដែលជាសមាជិក AIMF លើការងារពាក់ព័ន្ធនឹងការឆ្លើយតបគ្រោះអាសន្ន។

ជាមួយនឹងសិក្ខាសាលាបូកសរុបលទ្ធផលបិទបញ្ចប់គម្រោង <<ត្រៀមបម្រុងឆ្លើយ តបគ្រោះអាសន្ន>> នេះ សង្ឃឹមថា AIMF នឹងបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការស្វែង រកដៃគូនានា ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅដំណាក់កាលបន្ទាប់ទៀត៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...