(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប ២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងពិព័រណ៍ការងារលើកទី៤ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ ក្នុងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយ ដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយ នៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាន នូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្ត ល់ជូនសិស្សនិស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា <<កត្តាទាំងអស់នេះហើយ បានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្ស សម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា>>។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមទ្ធិផលដំបូង នៃកិច្ចសហប្រតិបត្តិការ របស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញនេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ២០០៥ ដែលមានសិស្សចំនួនត្រឹម២០០នាក់ ជាមួយនិង៨មុខជំនាញ ប៉ុន្តែមកដល់បច្ចុប្បន្នវិទ្យាស្ថាន មានសិស្សនិស្សិតចំនួនជាង ៧.៨ពាន់នាក់ដែលកំពុងសិក្សាលើមុខជំនាញ២៤ ខណៈដែលសិស្សនិស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណជាង ១,៣ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៤។
បន្ថែមពីននេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខណៈដែលរាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ១,៥លាននាក់យ៉ាងសកម្មនោះ វិទ្យាស្ថាន ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋកម្ពុជាឱ្យមានជំនាញច្បាស់លាស់ដែលបាន និងកំពុងផ្តល់ឱកាសឱ្យសិក្ខាកាមមានការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ។
យ៉ាងណាក៏ដោយជាមួយនឹងមោទនភាពនៃខួប២០ឆ្នាំនេះ លោក ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីការចូលរួមចំណែករបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និងដូចមានកំណត់ក្នុងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ក្រសួងដែលរួមមានគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ និងគោលនយោបាយ និងផែនការពាក់ព័ន្ធផ្សេងទៀតផងដែរ៕