(ក្រចេះ)៖ នារសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណ:កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ព្រះនាយកកម្រងសាលាពុទ្ធិកបឋមសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បានដឹកនាំសហការីមន្ត្រីសង្ឃ ព្រះចៅអធិការទាំង ២៧វត្ត នៃសាលាអនុគណស្រុកសំបូរ និមន្តបង្សុកូលឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាណក្ខន្ធ ព្រះវិមុត្តិញាណ គង់ សុខ ព្រះរាជាគណៈកិត្តិយស ព្រះគ្រូគង្គាឧទ័យសីលធម៌ ព្រះអនុគណស្រុកឆ្លូង ព្រះឧបជ្ឈាយ៍សង្ឃខេត្ត និងជាព្រះចៅអធិការវត្តមុនីសាគរ (វត្តដងក្តោង)។
ព្រះវិមុត្តិញ្ញាណ គង់ សុខ ព្រះរាជាគណកិត្តិយស ព្រះគ្រូគង្គាឧទ័យសីលធម៌ ព្រះអនុគណស្រុកឆ្លូង ព្រះឧបជ្ឈាយ៍សង្ឃខេត្ត និងជាព្រះចៅអធិការវត្តមុនីសាគរ (វត្តដងក្ដោង) បានទទួលអនិច្ចធម្ម នៅថៃ្ងព្រហស្បតិ៍ ១២កើត ខែវិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៖២៦នាទីរសៀល ដោយជរាពាធ ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា នៅវត្តមុនីសាគរ (វត្តដងក្ដោង) ស្រុកឆ្លូង ខេត្តក្រចេះ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រមទាំងមន្ត្រីសង្ឃ និងព្រះចៅអធិការទាំង ២៧វត្ត នៃសាលាអនុគណស្រុកសំបូរ បានបង្ហាញនូវទឹកព្រះទ័យសង្វេគសោកស្តាយ ស្រណោះអាឡោះអាល័យ ព្រមទាំងបានចាត់ទុកការអនិច្ចធម្មរបស់ ព្រះវិមុត្តិញ្ញាណ គង់ សុខ ជាការបាត់បង់ នូវឥស្សរសមណសង្ឃពហុស្សូតជាន់ខ្ពស់មួយព្រះអង្គរបស់សាសនា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃ ព្រះពុទ្ធសាសនា និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គបានលះបង់កម្លាំង កាយពល និងបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ ព្រមទាំងបានស្ថាបនានូវស្នាព្រះហស្ថយ៉ាងច្រើនអនេកទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជនប្រើប្រាស់ជាធនធាន ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តទៅអនាគត។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រមទាំងមន្ត្រីសង្ឃ និងព្រះចៅអធិការទាំង ២៧វត្ត នៃសាលាអនុគណស្រុកសំបូរ សូមប្រគេននូវមហាកុសល ប្រគេនព្រះវិញ្ញាណក្ខន្ធ ព្រះវិមុត្តិញ្ញាណ គង់ សុខ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕