(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។
នាឱកាសនោះបានប្រគល់រថយន្តដឹកសំរាមជូនមន្ទីររាជធានី ខេត្ត ដែលជាការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដ៏មុតមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ ធានាគុណភាពទឹក លើកកម្ពស់ និងការពារសុខភាពសាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការអនុវត្តនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងនាមជាអាជ្ញាធរថ្នាក់ក្រោមជាតិ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន ដើម្បីការពារកុំឱ្យតំបន់ទឹកសាធារណៈមានការបំពុលពីវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្លាប់បានផ្តល់អនុសាសន៍ណែនាំហើយថា ក្រសួង និងអាជ្ញាធរត្រូវយកចិត្តទុកដាក់ ហើយចំពោះរោងចក្រណាដែលបានបំពាន គឺមិនមានការពន្យារពេលនោះទេ ក្រសួង អាជ្ញាធរត្រូវណែនាំឱ្យរោងចក្រ សហគ្រាសរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក មុនការធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញទៅទីសាធារណៈ។
ជាក់ស្តែងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នយើងមានបទដ្ឋានគតិយុទ្ធ និងច្បាប់ ក្រមបរិស្ថាននិងធនធានធម្មជាតិ សារាចរណ៍ណែនាំ សេចក្តីជូនដំណឹង (សជណ) គ្រប់ទាំងអស់រួមនឹងការអនុវត្តរបស់ក្រសួងផង គួបផ្សំនឹងការចូលរួមប្តេជ្ញាខ្ពស់ពីអាជ្ញាធរទៀត នោះកម្ពុជានឹងទទួលបានភាពស្អាត ដោយគ្មានការបំពុលពីវិស័យឧស្សាហកម្មឡើយ។ បើទោះបីថាការបំពុលបរិស្ថានមិនមែនមានតែវិស័យឧស្សាហកម្ម១ប៉ុណ្ណោះ គឺនៅមានវិស័យផ្សេងៗជាច្រើនទៀតដូចជាវិស័យគីមី វិស័យថាមពល និងវិស័យកសិកម្មជាដើម។
ការប្តេជ្ញាចិត្តរួមគ្នានេះនឹងលុបបំបាត់ការបំពុលដែលបណ្តាលមកពីសំណល់រាវ ទឹកកខ្វក់ពីរោងចក្រ សហគ្រាស មូលដ្ឋានសុខាភិបាល និងប្រភពផ្សេងៗទៀត ដែលមិនបានឆ្លងកាត់ការប្រព្រឹត្តិកម្មត្រឹមត្រូវ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់គុណភាពទឹក និងសុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជីវៈចម្រុះ សោភ័ណភាព និងសក្តានុពលទេសចរណ៍ផងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានចំពោះកិច្ចខិតខំប្រឹងប្រែង និងបានជូនពរឱ្យពិធីចុះហត្ថលេខាទទួលបានជោគជ័យ។
សូមជម្រាបជូនថា ខេត្តកណ្តាល មានរោងចក្រ សហគ្រាសប្រមាណជាង ៣០០រោងចក្រ សហគ្រាស និងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យប្រវត្តិប្រមាណជាង ២០រោងចក្រ សហគ្រាស សម្រាប់ការត្រួតពិនិត្យគុណភាពទឹកមុននឹងបង្ហូរចេញទៅតំបន់សាធារណៈ៕