(ភ្នំពេញ)៖ ថ្ងៃទី១៥កើត ខែវិសាខ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលល្អបំផុត ក្នុងព្រះពុទ្ធសាសនា ដែលបណ្តាប្រទេសនានា រួមទាំងកម្ពុជា បានប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ គឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន។
មានថេរដីកាក្នុងកម្មវិធី ឈ្វេងយល់ពីវិសាខបូជា ដើម្បីបញ្រ្ជាបចំណេះដឹងដល់សាធារណជន ពីវិសាខបូជា ព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ អ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ច និងសេដ្ឋកិច្ចព្រះពុទ្ធសាសនា បានពន្យល់ពីមូលហេតុដែលគេប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរម្លឹកដល់ព្រះពុទ្ធ ព្រោះព្រះអង្គគឺជាបុគ្គលដែលខ្ពង់ខ្ពស់។
ព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ បានមានថេរដីកាពន្យល់ថា ព្រះពុទ្ធមិនមែនជា អទិទេពឬ ទេវនោះទេ ប៉ុន្តែព្រះអង្គក៏មិនមែនជាមនុស្សធម្មតានោះដែរ ព្រះអង្គប្រៀបដូចជាផ្កាឈូក គឺជាបុគ្គលដែលឆាប់ត្រាស់ដឹងធម៌ ដោយគ្មានឧបសគ្គមករារាំង។ ហើយការប្រៀបធៀបព្រះអង្គទៅនឹងផ្កាឈូកនេះ គឺបង្ហាញថា បើទោះបីជាក្នុងសង្គមមួយពោពេញទៅភាពពិបាក ភាពកខ្វក់ ភាពរញ៉េរញ៉ៃ ភាពមានមន្ទិលក៏ដោយ ក៏ព្រះអង្គមិនជាប់ជំពាក់ និងមិនប្រឡាក់ដោយមន្ទិលដែរ។សូមជម្រាបថា កម្មវិធី ឈ្វេងយល់ពីវិសាខបូជា ត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរមណីដ្ឋាធម្មជាតិភូមិរំដួល ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ី កល្យាណ, មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, លោកធម្មបណ្ឌិត ហេង មណីចិន្តា ស្ថាបនិកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ព្រមទាំងសិក្ខាកាមអាជីវកម្មសម្មាមគ្គជាច្រើនរូបទៀត៕
សូមស្តាប់ការសង្ឃដីការបស់ ព្រះតេជគុណ តេជនន្ទភិក្ខុ សាន ពិសិទ្ធិ៖