រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី២ នៅសមុទ្រកម្ពុជា

Posted By: RoogRog Robot | 30-Apr-2025 18:20:13

2025-04-30 06:16pm

(ភ្នំពេញ)៖ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី២ នៅសមុទ្រកម្ពុជា បន្ទាប់ពី បានរកឃើញជាលើកដំបូងនៅឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ។

អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការ សិក្សាស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំកោះរ៉ុងនៃប្រទេសកម្ពុជា នៅក្នុងអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៥ តាមការព្យាករណ៍ថាជារដូវបង្កកំណើតរបស់ផ្កាថ្ម។

នេះជាឆ្នាំទី២ហើយដែលក្រុមការងារចុះស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មនៅសមុទ្រកម្ពុជា បន្ទាប់ពី បានរកឃើញជាលើកដំបូងនៅឆ្នាំ២០២៤ ហើយត្រូវបានរកឃើញសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២៥។ ការរក ឃើញការបង្កកំណើតផ្កាថ្មជាលើកទី២ នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារបស់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គការពាក់ព័ន្ធ ដែលបង្កលក្ខណៈអំណោយផលដល់ការរស់រានមានជីវិត របស់ផ្កាថ្មប៉ប្រះទឹកនៅប្រជុំកោះរ៉ុង ជួយឱ្យផ្កាថ្មមានភាពធន់ និងមានសុខភាពល្អ បើទោះបីជាផ្កាថ្មនៅតំបន់នេះ ធ្លាប់ទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៏នៃផ្កាថ្មប្រែពណ៌ស (Coral Bleaching Event) ក្នុងឆ្នាំ២០២៤ ក៏ដោយ។

ក្រុមការងារកំពុងបន្តតាមដានសុខភាព និងស្ថានភាពនៃផ្កាថ្ម នៅក្នុងដែនសមុទ្រកម្ពុជាយ៉ាងយកចិត្តដាក់ ដើម្បីយល់ដឹងនិងកត់ត្រាទិន្នន័យអំពីការបង្កកំណើតរបស់ផ្កាថ្ម ដើម្បីជាទុនក្នុងការតាមដានដំណើរការនៃការបន្តពូជ និងការរស់រានមានជីវិតរបស់ផ្កាថ្មនៅក្នុងតំបន់។

កញ្ញា Jun Cheng ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រប្រចាំអង្គការសត្វព្រៃ និងរុក្ខ ជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា <<យើងពិតជារីករាយខ្លាំងណាស់ដែលបានឃើញការបង្កកំណើតរបស់ផ្កាថ្មជា លើកទី២នៅប្រជុំកោះរ៉ុង។ ការរកឃើញនេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរួមគ្នានៃការងារអភិរក្ស និងសារៈសំខាន់ក្នុងការបន្តការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ទាំងនេះ>>។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា <<ការបង្កកំណើតផ្កា ថ្មនៅក្នុងដែនសមុទ្ររបស់កម្ពុជា ដែលរកឃើញ២ឆ្នាំជាប់ៗគ្នា ឆ្លុះបញ្ចាំងឱ្យឃើញថា ក្សេតបរិស្ថានរបស់យើងមាន លក្ខណៈអំណោយផលដល់ផ្កាថ្ម ឱ្យរស់រានមានជីវិត មានសុខភាពល្អ និងអាចបង្កកំណើតបានថែមទៀត។ បាតុភូត ដ៏សំខាន់នេះ សម្រេចបានដោយសារការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនានា ជាសេនាធិការ ដើម្បីការពារធនធានជលផលបាតសមុទ្រនៅកម្ពុជាឱ្យមាននិរន្តរភាព>>។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា <<ការបង្កកំណើតផ្កាថ្មនៅ ក្នុងដែនសមុទ្ររបស់កម្ពុជា ដែលបានរកឃើញជាប់ៗគ្នា២ឆ្នាំបន្តបន្ទាប់នេះ ជាសញ្ញាដ៏ល្អដែលបញ្ជាក់ថា សភាពបរិស្ថានសមុទ្រនៅកម្ពុជា កំពុងតែមានស្ថានភាពប្រសើរឡើង និងមានសុខភាពល្អ ខណៈមានការពង្រឹងសកម្មភាពអភិរក្ស និងការត្រួតពិនិត្យសកម្មភាពដែលប៉ះពាល់បរិស្ថានសមុទ្រ។ ការអភិរក្សផ្កាថ្ម និងការបន្តពូជផ្កាថ្ម ជាសកម្មភាព ដ៏សំខាន់ក្នុងការការពារបរិស្ថានសមុទ្រ ដោយផ្កាថ្មមានតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូស៊ីសមុទ្រ ជម្រកសត្វ សមុទ្រ បង្កើនតម្លៃសេដ្ឋកិច្ចតាមរយៈទេសចរណ៍ និងនិរន្តភាពនៃការនេសាទ។ នេះបង្ហាញពីជោគជ័យនៃការអភិរក្ស ធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថានយ៉ាងមានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះ រាជណាចក្រកម្ពុជា ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទាំងអស់ដែលជាសេនាធិ ការ អនុវត្តយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍន៍បរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។>>

អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តសិក្សា និងចងក្រងឯកសារអំពីការរកឃើញនេះ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីកត្តាដែលរួមចំណែកដល់ការបង្ក កំណើតផ្កាថ្មប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៃការងារអភិរក្ស៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...