រដ្ឋមន្ដ្រីក្រសួងសាធារណការ អញ្ជើញប្រកាសចូលកាន់តំណែង លោក ម៉ម ទូច ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត

Posted By: RoogRog Robot | 30-Apr-2025 15:07:11

2025-04-30 10:04pm

(កំពត)៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ចជូន លោក ម៉ម ទូច អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តកំពត ជំនួសលោក ជិញ គួង ដែលបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះ លោក ម៉ម ទូច ដែលតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតនាពេលនេះ និងបានផ្តាំផ្ញើឲ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានមន្ទីរចាស់ ដែលបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជាច្រើនជូនខេត្តលើវិស័យសាធារណការ និងដឹកជញ្ជូនកន្លងមកផងដែរ។

លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា ក៏បានលើកឡើងក្នុងអង្គពិធី អំពីចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ដោយក្រសួងសាធារណការ និងដឹកជញ្ជូ បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១៖ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល នឹងជឿទុកចិត្ត និង២៖ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឲ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

ដោយឡែក ចំពោះលោក ម៉ម ទូច ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត បានប្ដេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ច និងខិតខំប្រឹងបំពេញការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាការតបស្នងចំពោះការផ្ដល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...