ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងថវិកា និងគ្រប់គ្រង នៃសាធារណរដ្ឋហ្វីលីពីន

Posted By: RoogRog Robot | 30-Apr-2025 21:55:41

2025-04-30 09:51pm

(ហ្វីលីពីន)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ ជាមួយ លោកស្រី Amenah “Mina” F. Pangandaman រដ្ឋមន្ត្រីក្រសួងថវិកា និងគ្រប់គ្រងហ្វីលីពីន (Department of Budget and Management-DBM) ក្នុងឱកាសអញ្ជើញទស្សនកិច្ចការងារនៅទីក្រុងម៉ានីល កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនោះលោកស្រីរដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទៅកាន់សាធារណរដ្ឋហ្វីលីពីននាពេលនេះ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរអរគុណលោកស្រីរដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានជម្រាបដែរថា កាលពីព្រឹកថ្ងៃទី២៨ មេសា លោកបានជួបពិភាក្សាការងារមួយចំនួន ជាមួយអនុរដ្ឋមន្ត្រីក្រសួងទេសចណ៍ហ្វីលីពីន អំពីសមិទ្ធផលវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនោះក៏មានទេសចរណ៍មូស្លីម និងជំរុញឲ្យអ្នកវិនិយោគមកសិក្សាវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា ព្រោះកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើម និងកម្លាំងពលកម្មមានតម្លៃទាប។ ក្រៅពីវិស័យទេសចណ៍ ក៏បានពិភាក្សាអំពីកិច្ចការហាឡាល និងទំនិញអត់ពន្ធ(Duty Free shop)។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

លើសពីនេះទៅទៀត លោកបានរំលេចថា នៅកម្ពុជាមានប្រជាជនចំនួនប្រមាណជាង១៧លាននាក់ ក្នុងនោះមានសាសនិកឥស្លាមប្រមាណជាង៥ ភាគរយ ហើយសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដែលមានសាសនិកប្រមាណជាង៩០ ភាគរយ និងសាសនាផ្សេងៗទៀត ដូចជា សាសនាកាតាលិក និងសាសនាគ្រឹស្ត ដែលមានភាពខុសគ្នាពីហ្វីលីពីន ដែលមានសាសនាគ្រឹស្តប្រមាណជាង៨០ភាគរយ និងសាសនាឥស្លាម ជាង១០ភាគរយ ប៉ុន្តែនៅតែអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

លោកបានបន្ថែមថា ទោះបីជានៅកម្ពុជាមានសាសនិកឥស្លាមប្រមាណជាង ៥ភាគរយ ក្នុងចំណោមជាង១៧ លានក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលបានផ្តល់ឱកាសជាច្រើនដល់សាសនិកឥស្លាម ក្នុងនោះមានដូចជា ការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងអត្ថប្រយោជន៍ជាច្រើនទៀត។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើលោកស្រីរដ្ឋមន្ត្រីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីមានឱកាសទៅបន្តការសិក្សានៅប្រទេសហ្វីលីពីន លើជំនាញផ្សេងៗ។

ចំណែកលោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកស្រីបានលើកឡើង ពីស្ថានភាពទូទៅនៅហ្វីលីពីន ដែលមានប្រជាជនប្រមាណជិត១៣០លាននាក់ ហើយក្នុងនោះមានជនជាតិមូស្លីមប្រមាណជាង១០ភាគរយ ពោលប្រមាណជាង១៣លាននាក់ ដែលរស់នៅតំបន់ផ្សេងៗនៅទូទាំងប្រទេស ហើយហ្វីលីពីនមានខេត្តចំនួន៨២ ក្នុងនោះមានខេត្តចំនួន៦ ដែលមានអភិបាលខេត្ត ជាមូស្លីម និងមានកោះមីនដាឌវ ត្រូវបានរាជរដ្ឋាភិបាលកាត់ចូលជាតំបន់ស្វយ័តផងដែរ ។

លោកស្រីបានឲ្យដឹងដែរថា ក្រសួងថវិកា និងគ្រប់គ្រង ជាស្ថាប័នស្ថិតក្រោម ការិយាល័យប្រធានាធិបតីហ្វីលីពីន ដោយមានតួនាទី លើកកម្ពស់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានរបស់រដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាព។ លោកស្រីក៏បានទទួលយកសំណើរ របស់លោកទេសរដ្ឋមន្ត្រី ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ដោយត្រូវធ្វើតាមផ្លូវរដ្ឋ។

ជាចុងក្រោយ លោកស្រី មានបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ដើម្បីមកសក្សាស្វែងយល់ពីកម្ពុជា ដែលកំពុងធ្វើឲ្យប្រទេសមានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ការងារអភិវឌ្ឍ និងមកទេសចរណ៍ផងដែរ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...