(ម៉ានីល)៖ ហ្វីលីពីននិងនូវែលសេឡង់ បានរឹតបន្តឹងចំណងទាក់ទងក្នុងវិស័យការពារជាតិ តាមរយៈការចុះកិច្ចព្រមព្រៀងកងទ័ព ហៅកាត់ថា SOVFA នៅថ្ងៃពុធ ទី៣០ ខែមេសា ដើម្បីបើកផ្លូវសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការយោធា ចំពោះមុខក្តីកង្វល់រួមផ្នែកសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កិច្ចព្រមព្រៀង SOVFA ដែលជាកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការធ្វើប្រតិបត្តិការរបស់កងទ័ពបរទេស នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងម៉ានីល ដោយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យប្រទេសទាំងពីរ ដាក់ពង្រាយកងទ័ពទៅវិញទៅមកបាន ជាហេតុផ្តល់ភាពងាយស្រួលសម្រាប់ឱ្យយោធាទាំងពីរ ធ្វើការជាមួយគ្នា។
គួរបញ្ជាក់ថា នូវែលសេឡង់ បានចូលរួមការធ្វើសមយុទ្ធយោធាដែនសមុទ្ររួមគ្នា ជាមួយហ្វីលីពីន សហរដ្ឋអាមេរិក អូស្រ្តាលី និង ជប៉ុន ជាលើកដំបូងបង្អស់កាលពីឆ្នាំទៅមិញ នៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង បានឈ្លោះគ្នាកាន់តែញឹកញាប់ឡើង ជុំវិញកន្លែងដែលមានបញ្ហាវិវាទ។ ក្រៅពីពង្រឹងទំនាក់ទំនងការពារជាតិ ហ្វីលីពីននិងនូវែលសេឡង់ ក៏គ្រោងលើកកម្ពស់ទំនាក់ទំនងការទូត ឱ្យដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ នៅឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងអំពីផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ ក្នុងសន្តិសុខដែនសមុទ្រ ការឆ្លើយតបគ្រោះមហន្តរាយ និងស្ថិរភាពក្នុងតំបន់៕