សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ឱ្យគាំទ្រប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ

Posted By: RoogRog Robot | 29-Apr-2025 20:23:34

2025-04-30 10:16am

(ហូជីមិញ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែល​បាន​​ប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូល​ជាសមាជិក​អាស៊ាន​នោះ បានស្នើឱ្យប្រទេសវៀតណាម គាំទ្រប្រទេសទីម័រឡេស្តេ​ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។

ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយដែរនោះ រដ្ឋាភិបាលទីម័របាន​ប្រឹង​ប្រែងយ៉ាងខ្លាំងក្នុងចូលជាសមាជិករបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ជាតួអង្គមួយដ៏សំខាន់ ដែលបានប្រឹងប្រែងជួយដល់​ប្រទេស​​ទីម័រ​ឡេស្តេ បានសម្រេចបំណងមួយនេះ។ បន្ទាប់ពីប្រឹង​ប្រែង​អស់ជាច្រើន​ឆ្នាំ កាលពីឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន​នោះ ប្រទេស​ទីម័រឡេស្ត្តេ ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិក​សង្កេត​​ការណ៍របស់​អាស៊ាន។ តាមរយៈសមាជិកសង្កេតការណ៍នេះ ទីម័រឡេស្តេអាចចូលរួម​គ្រប់​កិច្ចប្រជុំរបស់អាស៊ាន។ ប៉ុន្តែរហូតមក​ដល់ពេលនេះ ប្រទេសទីម័រ​ឡេ​ស្តេ មិនទាន់បានក្លាយជាសមាជិក​ពេញ​សិទ្ធិ ដែលអាចឱ្យ​ប្រទេស​នេះមាន​សំឡេងស្មើនឹងសមា​ជិក​អាស៊ាន​ដទៃទៀតនោះឡើយ។

បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេច​តេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ ប្រទេស​វៀត​​ណាម ក្នុងជំនួបជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី​វៀត​ណាម, សម្តេចតេជោ ហ៊ុន សែន បានស្នើវៀតណាម​គាំទ្រប្រទេស​ទីម័រ​ឡេ​ស្តេចូលជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ចាប់​តាំង​ពីក្លាយជាអ្នកសង្កេត​ការណ៍នៅឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេ ​មិន​ត្រឹមតែបានចូលរួម​យ៉ាង​សកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ាន​ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនា​ដល់​ការពិភាក្សា​អំពីការ​កសាងសហគមន៍អាស៊ាន និងដំណើរការសមា​ហ​រណកម្មក្នុងតំបន់​ផងដែរ។

សម្តេចតេជោបន្តលើកសរសើរប្រទេសទីម័រឡេស្តេថា ប្រទេសទីម័រ​ឡេស្តេ បានប្រឹងប្រែងអស់ពី​សមត្ថ​ភាព ដើម្បីបំពេញរាល់តម្រូវការ​ដែល​មានចែងក្នុងផែនទីចង្អុលផ្លូវ​សម្រាប់​សមាជិកភាពអាស៊ាន​ពេញ​សិទ្ធិ ដោយបានបំពេញលក្ខណៈ​វិនិ​ច្ឆ័យចំនួន៦ ក្នុងចំណោម៧ និង​បន្ត​ធ្វើឱ្យមានវឌ្ឍនភាពក្នុង​ការ​ចូល​ជាភាគី​នៃលិខិតូបករណ៍ គតិយុត្ត។

សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍន​ភាព​វិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងឱ្យប្រទេស​ទីម័រ​ឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រ​ឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិ​យុត្តដែល​នៅ​សេសសល់នៅពេលក្រោយ។

សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ាន​របស់​ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំជាក្រុមក្នុងពេលពិភព​លោក​មានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួលកំណើន​សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជា​ជន​​ផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន របស់ប្រទេសទីម័រឡេស្តេនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជួបជជែកជាមួយលោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥នេះផងដែរ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...