(ភ្នំពេញ)៖ ក្រោយពេលបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ <<ផ្លូវជាតិគ្មានសំរាមប្លាស្ទិក>> ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានទទួលការចូលរួមគាំទ្រ និងអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ <<ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក>> បានចំនួន ៥០ខ្សែ ស្មើនឹងប្រមាណ ៧៣,៥% នៃចំនួនខ្សែផ្លូវសរុប ដែលមានទូទាំងប្រទេសចំនួន ៦៨ខ្សែ។
ជាមួយគ្នានេះសាធារណជន រួមមានសិស្ស និស្សិត លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ រដ្ឋបាលក្រុងស្រុក រាជធានីខេត្ត សមាគម អង្គការក្រៅរដ្ឋាភិបាល អ្នកស្រឡាញ់បរិសស្ថាន និងប្រជាពលរដ្ឋ ចំនួន ១៧១,៣០០នាក់ បានចូលរួមអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ បានប្រវែង ៣ ១៩៣,៤គីឡូម៉ែត្រ ស្មើនឹង៥០% នៃប្រវែងផ្លូវសរុប ៦៣៤៩,២គីឡូម៉ែត្រ។
យុទ្ធនាការសម្អាតផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក សម្រេចបានរហូតមកទល់ពេលនេះ មានឃុំ/សង្កាត់ ចូលរួមមានចំនួន៧០៧ ឃុំ-សង្កាត់ ស្មើនឹងចំនួន ៧៤% នៃចំនួនឃុំ សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុបចំនួន ៩៥១ ឃុំ-សង្កាត់។ ដោយឡែកក្នុងយុទ្ធនាការ <<ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក>> ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥កន្លងមក បានប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ បានចំនួន ៥១៧តោន។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសុទិដ្ឋិនិយមថានៅឆ្នាំ២០២៥នេះ ផ្លូវជាតិទាំងអស់នៅកម្ពុជាស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិកទៀតហើយ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ និងសណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព ការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងថា ភាពស្អាត គឺជាសសរស្តម្ភមួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានសំណូមពរដល់ អ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ និងស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក <<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> និងយុទ្ធនាការ <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត ប្រទេសជាតិមានបរិស្ថានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងការស់នៅប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ <<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១១ លានអង្គ/នាក់ និងយុទ្ធនាការ <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន៦លានអង្គ/នាក់ ដែលក្នុងនោះសាធារណជនប្រមាណ២ ទៅ៣ម៉ឺននាក់ បានចូលរួមក្នុងយុទ្ធនាការខាងលើ។ យុទ្ធនាការទាំងអស់របស់ក្រសួងបរិស្ថាននឹងបន្ត និងលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមពីសាធារណជន ដើម្បីរៀបចំផ្ទះយើងស្អាត ក៏ដូចជាឱ្យប្រទេសយើងស្អាត ត្រៀមចាំទទួលស្វាគមន៍ ភ្ញៀវទេសចរ អ្នកវិនិយោគ និងជាពិសេសផ្តល់ផាសុខភាពដល់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕