UN សម្រេចកាត់បន្ថយជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន ដោយសារបញ្ហាខ្វះខាតមូលនិធិ

Posted By: RoogRog Robot | 30-Apr-2025 14:28:11

2025-04-30 02:20pm

(យូអិន)៖ មន្រ្តីមួយរូបមកពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃទី២២ ខែមេសា ថា ដោយប្រឈមមុខជាមួយ ការធ្លាក់ចុះខ្លាំងនៃមូលនិធិទ្រទ្រង់ UN បានសម្រេចថា នឹងកាត់បន្ថយកិច្ចប្រឹងប្រែងមនុស្សធម៌​របស់ខ្លួន នៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីខែមករា ដើមឆ្នាំនេះ UN បានអំពាវនាវរកការរៃអង្គាសថវិកាឱ្យបាន២.៦៣ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្សចំនួន ៦លាននាក់ ដែលត្រូវការជំនួយនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកស្រី Joyce Msuya នៃការិយាល័យ OCHA បានប្រាប់​ក្រុមប្រឹក្សាសន្តិសុខ UN ថា ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃមូលនិធិមនុស្សធម៌ UN និងដៃគូ បានកែសម្រួលអាទិភាព ក្នុងប្រតិបត្តិការរបស់ខ្លួននៅអ៊ុយក្រែន ដើម្បីទៅដល់មនុស្សត្រឹម៤.៨លាននាក់ ជាមួយថវិកាត្រឹម១.៧៥ពាន់លានដុល្លារវិញ។ បើតាមការប៉ាន់ស្មានរបស់ UN មនុស្សសរុបទាំងអស់១២.៧លាននាក់ ត្រូវការជំនួយនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា រឿងនេះកើតឡើងក្នុងគ្រាដែលបណ្តាទីភ្នាក់ងាររបស់ UN បានប្រកាសជាបន្តបន្ទាប់អំពីការកាត់បន្ថយប្រតិបត្តិការ និងបុគ្គលិកជុំវិញពិភពលោក ក្រោយមានការថយចុះទ្រង់ទ្រាយធំ ក្នុងកិច្ចប្រឹងប្រែងផ្តល់វិភាគទានពីបណ្តាប្រទេសម្ចាស់ជំនួយ ជាពិសេសពីសហរដ្ឋអាមេរិក។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាត់បន្ថយរហូតដល់ទៅ៨៣ភាគរយ នៃមូលនិធិសម្រាប់ទីភ្នាក់ងារមនុស្សធម៌របស់ខ្លួន គឺ USAID។ ពីមុនមក USAID មានកញ្ចប់ថវិកាប្រចាំឆ្នាំចំនួន៤២.៩ពាន់លានដុល្លារ ឬស្មើនឹងទទួលបន្ទុក ៤២ភាគរយនៃជំនួយមនុស្សធម៌ទាំងអស់ ដែលចែកចាយទូទាំងពិភពលោក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...