រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចុះឆែកឆេរផ្ទះឯកជនរបស់លោក Yoon Suk Yeol

Posted By: RoogRog Robot | 30-Apr-2025 03:23:34

2025-04-30 10:17am

(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៣០ ខែមេសា បានដឹកនាំប្រតិបត្តិការចំឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol នៅក្នុងទីក្រុងសេអ៊ូល ក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតលើបទសង្ស័យជាច្រើនលើទំនាក់ទំនងរវាងគ្រួសាររបស់លោក និងគ្រូមន្តអាគមម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។

តាម Yonhap ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។ ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉ាកល្បីមួយទៅឱ្យ ឈ្មោះ Jeon Seong-bae ក្រោយលោក Yoon ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២ ដើម្បីធ្វើជាអំណោយឱ្យភរិយារបស់លោក Yoon គឺលោកស្រី Kim Keon Hee។

ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏កំពុងផ្ទៀងផ្ទាត់ផងដែរលើការចោទប្រកាន់ពីការប្រគល់អំណោយទៅឱ្យឈ្មោះ Jeon Seong-bae និងថាតើអំណោយទាំងនោះពិតជាត្រូវបានប្រគល់បន្តទៅឱ្យ លោកស្រី Kim Keon Hee មែនដែរឬក៏យ៉ាងណា?

លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ទម្លាក់ចេញពីអំណាចកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤។ លោក Yoon និងភរិយា បានចាកចេញពីវិមានប្រធានាធិបតី ទៅកាន់លំនៅដ្ឋានឯកជនរបស់លោកក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី១១ ខែមេសា៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...