(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនេះបានផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពី ប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា។
លើសពីនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអូស្រ្តាលីធ្វើដំណើរមកទស្សនាកម្ពុជាដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយល្អ ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រជាជនអូស្រ្តាលី ឲ្យកាន់តែច្រើនបន្ថែមទៀត៕