(ភ្នំពេញ)៖ ទោះក្នុងរយៈពេលមួយថ្ងៃនេះពេញរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីរូបនេះ ក៏មិនអវត្ដមានក្នុងការដឹកនាំធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៧៨នាក់។
ប្រធានបទនៃបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ គឺបានបន្តធ្វើបាឋកថា លើភាពជាអ្នកដឹកនាំស្តីពី <<វិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យា ឈរលើមូលដ្ឋានបែបវិទ្យាសាស្រ្ត>>។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួន ដោយចង់ផ្តល់ឱកាសឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំហ្វឹកហាត់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំឆ្នើម ហើយចូលរួមជួយជំរុញវិស័យសុខាភិបាល ឱ្យរីកចម្រើនបានកាន់តែឆាប់រហ័ស។ លើសពីនោះដើម្បីជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយបង្ហាត់បង្ហាញដល់មន្ត្រីក្រោមឱវាទ សំដៅផ្តល់ឱកាសប្រើប្រាស់ភាពជាអ្នកដឹកនាំ ដល់មន្រ្តីនៅគ្រប់ខ្សែសង្វាក់នៃប្រពន្ធ័សុខាភិបាល។
ជាងនេះទៅទៀតលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបន្តលើកយកវិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្តដោយផ្តោតលើ <<ភាពដោយឡែក>> និង <<ភាពរួម>> របស់អង្គវត្ថុ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកជាឧទាហរណ៍ បង្ហាញពីការប្រើប្រាស់ ភាពដោយឡែក និងភាពរួម ឱ្យបានយល់ពីតថភាពការងារ តថភាពសង្គម នៃបណ្តាប្រទេសផ្សេងៗ។ គោលគំនិត <<ភាពរួម និងភាពដោយឡែក>> នេះក៏អាចយកទៅប្រើប្រាស់នៅក្នុងការវិភាគបញ្ហា ដើម្បីជួយឱ្យយល់ពីបញ្ហាបានកាន់តែគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថាក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានឱ្យមន្ទីរពេទ្យបង្អែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងដើម្បីសុវត្ថិភាពការសម្រាល និងការសង្គ្រោះទារក នៅថ្នាក់មណ្ឌលសុខភាពផងដែរ៕