រដ្ឋមន្ត្រីការងារ៖ គិតត្រឹមឆ្នាំ២០២៤ ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេសមានចំនួន ១.៣៨លាននាក់

Posted By: RoogRog Robot | 01-Mar-2025 10:42:50

2025-03-01 10:38am

(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានចំនួន១.៣៨លាននាក់ ដែលបានផ្តល់ប្រាក់ចំណូលសរុបប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះពួកគាត់ក៏បានផ្ញើប្រាក់មកគ្រួសារនៅក្នុងប្រទេសប្រមាណជិត៣ពាន់លានដុល្លារ។

នេះបើតាមរបាយការណ៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងចំណោមលទ្ធផលការងារជាច្រើន ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខិតខំសម្រេចបានក្នុងឆ្នាំ២០២៤នោះ ក្រសួងក៏បានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបានចំនួន៤៤,៨៦២នាក់ (ស្រី ១៧,២៧០នាក់) និងមានពលករកម្ពុជាបានមាតិភូមិនិវត្តន៍មកមាតុប្រទេសវិញចំនួន១៨,៥៦១នាក់ (ស្រី ៦,៩៣៤នាក់)។

លោកថា <<ចំនួនពលករកម្ពុជាដែលបានកំពុងស្នាក់នៅ និងធ្វើការនៅបរទេសបានកើនឡើងប្រមាណពី១.៣៥លាននាក់ នៅឆ្នាំ២០២៣ ដល់ប្រមាណ១.៣៨លាននាក់ នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រាក់បញ្ញើត្រឡប់មកប្រទេសវិញបានកើតពីប្រមាណ២.៩៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ២.៩៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤>>។

ប្រសិនបើបូករួមពីការចំណាយដែលពលករបានចាយផ្ទាល់ប្រមាណ១,៥០០ដុល្លារផងនោះ មានន័យថាឱកាសការងារធ្វើនៅក្រៅប្រទេសបានផ្តល់ប្រាក់ចំណូលប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាជន ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងការអប់រំរបស់សមាជិកគ្រួសារនៃពលករទេសន្តរប្រវេសន៍កម្ពុជា។ នេះបើតាមការបន្ថែមរបស់លោករដ្ឋមន្ត្រី ហេង សួរ។

គួរជម្រាបថា ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងបម្រើការនៅក្រៅប្រទេសនោះ រួមមាន៖ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរីជាដើម៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...