អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរផ្សព្វផ្សាយ និងដាស់តឿនដល់ពលរដ្ឋ កុំឱ្យបន្តចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់

Posted By: RoogRog Robot | 31-Jan-2025 20:39:03

2025-01-31 08:34pm

(សៀមរាប)៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានស្នើឱ្យអាជ្ញាធរធ្វើការផ្សព្វផ្សាយ និងដាស់តឿនដល់ប្រជាពលរដ្ឋ កុំឱ្យបន្តចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ ឬការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលនាំឱ្យជួបនូវផលវិបាកជាយថាហេតុណាមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ឬធ្លាក់ខ្លួនទៅជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងរូបភាពណាមួយនោះ។

ការស្នើយ៉ាងដូច្នេះរបស់លោកស្រី ម៉ននី រង្សី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោកស្រីឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, លោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្ត និងចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំ-ចៅសង្កាត់ តំណាងសាសនា តំណាងអង្គការដៃគូជាតិ-អន្តរជាតិចូលរួមផងដែរ។

លោកស្រីបានបន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអនុវត្តសកម្មភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការបង្ការទប់ស្កាត់ លុបបំបាត់អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រីបន្តថា គណៈកម្មាធិការបានអនុវត្តសកម្មភាពដោយទទួលបានលទ្ធផលគួរឱ្យគត់សម្គាល់ ដែលជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ បានរៀបចំ និងអនុវត្តផែនការសកម្មភាព ដោយផ្អែកទៅលើយុទ្ធសាស្រ្តចំនួន០៤ នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ(២០២៤-២០២៨) រួមមាន៖ ទី១៖ លើកកម្ពស់ការបង្ការទប់ស្កាត់(រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ)។ ទី២៖ ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ (បង្ក្រាប និងផ្តន្ទាទោស)។ ទី៣៖ កិច្ចគាំពារ ជនរងគ្រោះនិងទី៤៖ ការងារច្បាប់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ។

លោកស្រីបន្តថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ដែលទទួលបានលទ្ធផលយ៉ាងល្អនៅឆ្នាំ២០២៤កន្លងមកនេះ យើងបានសង្កេតឃើញថា បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះ ជាបន្តបន្ទាប់ដែលភាពរងគ្រោះមួយចំនួន កើតឡើងទាំងនៅក្នុង និងក្រៅប្រទេស និងទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញ តាមរូបភាពផ្សេងៗគ្នា។

លោកស្រីបន្ថែមថា ភាពស្មុគស្មាញនៃបទល្មើសជួញដូរមនុស្ស បានធ្វើឱ្យការអនុវត្តច្បាប់ជួបការលំបាក ក្នុងការវិភាគរកធាតុផ្សំនៃអំពើល្មើស ដើម្បីបង្ក្រាប និងបានអូសបន្លាយឱ្យជនល្មើសរួចផុតពីការផ្តន្ទាទោស បើទោះបីមើលឃើញថា ជនទាំងនោះជាអ្នកបង្ករ ឬអូសទាញឱ្យជនរងគ្រោះជួបនូវគ្រោះមហន្តរាយ ដោយការរំលោភបំពានកេងប្រវ័ញ្ច ការប្រើអំពើហិង្សា បង្ខិតបង្ខំទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រៀបបាននឹងទាសករ។

លោកស្រីបញ្ជាក់ថា យើងត្រូវរួមគ្នាផ្សព្វផ្សាយជាសាធារណៈ អប់រំទូន្មាន ដាស់តឿនក្រើនរំលឹកជាប្រចាំយ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង បានដឹងបានឮ ឬធ្លាប់បានទទួលភាពរងគ្រោះរួចហើយក្តី តែហាក់ដូចជានៅមិនទាន់ បានយកចិត្តទុកដាក់ ហើយនៅតែមានអ្នកបន្តផ្សងព្រេង និងជឿលើការអូសទាញពីជនខិលខូច ជាមេខ្យល់ ជាជាងការដាស់តឿនឱ្យប្រុងប្រយ័ត្នរបស់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។

ជាមួយនេះដែរ យើងត្រូវរួមគ្នាអនុវត្តតាមមុខសញ្ញារៀងៗខ្លួន ហើយគប្បីខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ចូលរួមសហការដោយប្រើប្រាស់ កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប និងធនធានសរុប ក្នុងការបង្រ្កាបឱ្យបានរាល់បទល្មើសជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ពិសេសលើស្រ្តី និងកុមារ ព្រមទាំងបទល្មើសរំលោភបំពាននានា ដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីភាពរងគ្រោះ និងងាយរងគ្រោះផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...