អភិបាលខេត្តកំពត ស្នើរដល់ជំនាញផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់ពលរដ្ឋ ពាក់ព័ន្ធកម្មវិធី «ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព»

Posted By: RoogRog Robot | 31-Jan-2025 20:33:48

2025-01-31 08:29pm

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំ និងជំរុញដល់មន្ត្រីនៃស្ថាប័ន អាជ្ញាធរគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងធ្វើការវិនិច្ឆ័យកុំឲ្យលម្អៀង ពាក់ព័ន្ធគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃកម្មវិធីស្ដីពី <<ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព>> ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ និងមានរយៈពេលសរុប ៥១ថ្ងៃ នៅថ្នាក់ខេត្ត។

លោកបណ្ឌិត ម៉ៅ ធនិន បានណែនាំ និងជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងត្រៀមអនុវត្ត ស្ដីពី <<ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព>> របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពត។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្រោយពីកិច្ចប្រជុំនេះទៅ សូមអ្នកពាក់ព័ន្ធដែលមានសមត្ថកិច្ច និងភារកិច្ចទាំងអស់ សូមរួសរាន់ធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យបានយល់នឹងជ្រូកជ្រាបនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលថ្មីៗនេះ ដោយធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ មិនលំអៀង ដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ជាពិសេសប្រជាពលរដ្ឋដែលក្រខ្សត់ អត់ដីពិតប្រាកដ។ សូមជៀសវាង កុំប្រកាន់បក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយ។ ហើយការផ្សព្វផ្សាយពាក់ព័ន្ធគោលនយោបាយរបស់រដ្ឋាភិបាលនេះ សូមធ្វើឱ្យបានលឿនបំផុតឲ្យទាន់ពេល មានប្រសិទ្ធភាព ប្រសិទ្ធផល។

លោកអភិបាល ក្នុងនាមរដ្ឋបាលខេត្ត ក៏បានជូនដំណឹងដល់ពលរដ្ឋ ដែលមានសញ្ជាតិខ្មែរពីកំណើត អត់ដីពិតប្រាកដ ក្រីក្រ និងមានឆន្ទៈចង់ទៅរស់នៅកន្លែងថ្មី ដែលរដ្ឋផ្តល់ជូន សូមប្រញាប់ទៅសាកសួរព័ត៍មានបន្ថែម នៅតាមឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីដាក់ពាក្យស្នើសុំដី ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ ក្នុងគោលបំណងបង្កើនការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយផង និងបង្កើតប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្គត់ផ្គង់ដីក្រោមទម្រង់សម្បទានសេដ្ឋកិច្ចសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅឋាន ដីកសិកម្ម និងការគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។

កម្មវិធីផ្ដល់ដីនេះនៅក្នុងតំបន់មួយចំនួន ជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដប្រកបដោយសមធម៌ ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងការពារព្រៃ និងដីរដ្ឋ សម្រាប់ការអភិវឌ្ឍដោយចីរភាព។

ប្រជាពលរដ្ឋ ក្រោយពីស្តាប់នូវប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានសម្តែងនូវក្តីរំភើបរីករាយ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះគម្រោងផ្តល់ដីនេះ ពីព្រោះថាអ្នកក្រីក្រពិតប្រាកដ មានឱកាសទទួលបានដីសម្រាប់បង្ករបង្កើនផលប្រកបដោយភាពកក់ក្តៅ និងបានគោរពថ្លែងអំណរគុណ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរពីសុខទុកប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រពិតប្រាកដ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...