(ភ្នំពេញ)៖ នៅដើមរដូវប្រាំងនេះ មានករណីភ្លើងឆេះព្រៃជាច្រើនកន្លែង។ របាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានភ្លើងឆេះព្រៃរហូតដល់ទៅ១៩៩កន្លែង។
ភ្លើងឆេះព្រៃត្រូវបានគេរកឃើញថា បណ្តាលមកពីអ្នកតាមរកសត្វព្រៃដុត ដើម្បីដេញសត្វ និងកើតចេញពីការធ្វេសប្រហែសរបស់អ្នកដើរព្រៃដុតភ្លើងចំអិនអាហារ ហើយមិនបានពន្លត់ ឬបណ្តាលមកពីអ្នកជក់បារីបោះចោលផ្តេសផ្តាស់ជាដើម។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ភ្លើងឆេះព្រៃធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សត្វព្រៃ និងធនធានធម្មជាតិ។ ភ្លើងឆេះព្រៃនេះ ក៏បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសបង្កើតខ្យល់ពុលនៅក្នុងបរិយាកាស។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា រួមគ្នាទប់ស្កាត់ភ្លើងឆេះព្រៃ និងបញ្ឈប់ការដុតព្រៃ។
យោងតាមក្រមបរិសា្ថន និងធនធានធម្មជាតិ មាត្រា៨៥៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ដល់មួយឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់១០០លានរៀល។
មាត្រា៨៥១ បានចែងថា ចំពោះបុគ្គលណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕