ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ជោគជ័យលើការដាំម្ទេសខ្មាំង ទទួលបានចំណូលខ្ពស់

Posted By: RoogRog Robot | 31-Jan-2025 08:22:16

2025-01-31 08:21pm

(ព្រះវិហារ)៖ ដំណាំម្ទេសខ្មាំង ត្រូវបានប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការដាំដុះសាកល្បងលើផ្ទៃដីតែ ១ហិកតា ត្រឹមតែរយៈពេលប្រហែល ៤ខែ អាចទទួលបានចំណូល ៥ ៦០០ ០០០រៀល។

ប្រជាសហគមន៍មួយរូបបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះថា ការទទួលបានជោគជ័យខ្ពស់ពីរបរដាំម្ទេសខ្មាំង ដែលជាពូជក្នុងស្រុក ធន់នឹងអាកាសធាតុ ទទួលបានទិន្នផលខ្ពស់ បានរួមចំណែកយ៉ាងសំនខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធម្មជាតិ។

ប្រជាសហគមន៍រូបនេះបញ្ជាក់ទៀតថា សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា មានសមាជិកសរុប ៨០៧រូប ស្មើនិង ២០៤គ្រួសារ ពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះលើផ្ទៃដីចំនួន ១,១៩០ហិកតា ព្រមទាំងខិតខំលើកកម្ពស់ ជីវភាពសហគមន៍តាមរយៈការធ្វើស្រែចម្ការ ដាំដុះដំណាំ ចិញ្ចឹមសត្វ និងលក់កម្លាំងពលកម្ម។

ប៉ុន្តែថ្មីៗនេះសហគមន៍មួយនេះ បាននិងកំពុងទទួលបានជោគជ័យលើការដាំដុះដំណាំម្ទេសខ្មាំង សម្រាប់លក់លើទីផ្សារ ខណៈពូជម្ទេសខ្មាំងគឺជាពូជក្នុងស្រុក ធន់នឹងការប្រែប្រួលអាកាសធាតុ និងជំងឺ ព្រមទាំងមានរសជាតិហិរខ្លាំង និងក្លិនឈ្ងុយពិសេស។ ជាក់ស្តែងការដាំដុះម្ទេសខ្មាំងគឺដាំនៅក្នុងចន្លោះខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២៤ នឹងចាប់ផ្តើមប្រមូលផលនៅចុងខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រជាសហគមន៍រូបនេះថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ការដាំម្ទេសខ្មាំង១ហិកតា អាចប្រមូលផលបានចំនួនប្រមាណ៧០០គីឡូក្រាម និងលក់បានក្នុងតម្លៃបោះដុំ ៨,០០០រៀលក្នុងមួយគីឡូ ទទួលបានទឹកប្រាក់សរុបប្រមាណ ៥,៦០០,០០០រៀល។

ដោយសារដំណាំម្ទេសខ្មាំងមានទីផ្សារ និងតម្លៃខ្ពស់គួរសម ព្រមទាំងភូមិសាស្ត្រអំណោយផលដែលអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា សមាជិកសហគមន៍ព្រៃក្តា បានសម្រេចចិត្តបន្តដាំដុះដំណាំនេះបន្ថែមទៀត។ បន្ថែមពីនេះដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាព សហគមន៍ក៏ មានផែនការដាំដុះម្ទេសឆ្លាស់ជាមួយពោតស្នៀត ដែលជាដំណាំមានទីផ្សារ និងអាចជួយទប់ខ្យល់ កុំឱ្យជ្រុះផ្កាម្ទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការដាំដុះម្ទេសខ្មាំងរបស់សហគមន៍ គឺមិនប្រើប្រាស់ថ្នាំគីមី ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្សធនធានធម្មជាតិ និងបរិស្ថានផងដែរ។

ទោះយ៉ាងណា ការដាំដុះនេះក៏ទាមទារឱ្យមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងធាតុចូលមួយ ចំនួនដូចជា បច្ចេកទេសដាំដុះ សម្ភារគ្រឿងចក្រកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធសូឡាសម្រាប់ ស្រោចស្រព មធ្យោបាយដឹកជញ្ជូន ការផលិតជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ ការផលិតពូជ ការកែច្នៃ ការរៀបចំផែនការអាជីវកម្មសហគ្រាស ការធ្វើទីផ្សារ និងការភ្ជាប់ទំនាក់ទំនងទីផ្សារសម្រាប់ផលិត-ផលរបស់សហគមន៍៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...