(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសុក្រនេះថា របបយោធាមីយ៉ាន់ម៉ា បានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល ៦ខែទៀត មួយថ្ងៃមុនខួប ៤ឆ្នាំ នៃរដ្ឋប្រហារឆ្នាំ ២០២១។ ការណ៍នេះបង្ហាញពីការត្រៀមរៀបចំការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំនេះ បើទោះបីជាប្រទេសកំពុងស្ថិតក្នុង សង្គ្រាមស៊ីវិលក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
<<នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីរៀបចំការបោះឆ្នោតសកលដោយ ជោគជ័យ។ ជាពិសេសសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ស្ថិរភាព និងសន្តិភាពនៅតែ ត្រូវការជាចាំបាច់>> នេះបើតាមការផ្សាយរបស់ MRTV ដែលគ្រប់គ្រងដោយរដ្ឋ បានគូសបញ្ជាក់។
ទោះបីជាមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ក៏ដោយ ក៏របបយោធានៅតែប្រកាន់ ខ្ជាប់នូវផែនការបោះឆ្នោត បើទោះបីជាមានការតស៊ូគ្រប់គ្រងប្រទេស និងប្រឈមមុខ នឹងការបះបោរប្រដាប់អាវុធក៏ដោយ។
អ្នករិះគន់បានចំអកឱ្យការបោះឆ្នោតនេះថាជា ការបោកប្រាស់ដើម្បីរក្សាក្រុមយោធា ឱ្យបន្តកាន់អំណាចតាមរយៈអ្នកតំណាង។ ក្រុមប្រឆាំងគ្រោងនឹងបង្អាក់សន្លឹកឆ្នោត និងបានជំរុញឱ្យបណ្តាប្រទេសនានាកុំទទួលស្គាល់លទ្ធផល។
គួរបញ្ជាក់ថា ការបន្តដាក់ប្រទេសក្នុងភាពអាសន្ននេះ បង្ហាញពីភាពមិនប្រាកដប្រជា ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈ របបយោធាត្រៀមរៀបចំការបោះឆ្នោត ដែលគេមើលឃើញថា មិនស្របច្បាប់ ចំពេលមានវិបត្តិនយោបាយ និងសង្គ្រាមស៊ីវិល៕