(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្តឱ្យមន្ទីរព័ត៌មាន បង្កើនការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់អំពីគោលនយោបាយអាទិភាព និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីឱ្យពួកគាត់បានយល់ និងអាចចូលរួមក្នុងសកម្មភាពគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ក៏ដូចប្រទេសកម្ពុជាទាំងមូល។
ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។
នាឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបន្ត ជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។តាមរយៈកម្មវិធីនយោបាយ និងផែនការច្បាស់របស់នៅក្នុងរយៈពេលជាង ១៧ខែកន្លងមកនេះ អាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្រេចបានសមិទ្ធផលថ្មីៗច្រើនទៀតជូនជាតិមាតុភូមិ។
បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ណែនាំដល់អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការងារគ្រប់គ្រងការងារសតិអារម្មណ៍មិនមែនត្រឹមជាការក្តាប់ស្ថានសភាពការណ៍ប៉ុណ្ណោះទេ តែក៏ជាការជំរុញឱ្យមានការយល់ដឹងត្រឹមត្រូវ និងវិជ្ជមានចំពោះការផ្សព្វផ្សាយពីសភាពការណ៍ជាតិ-អន្តរជាតិ ជូនដល់ដៃប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ពីដំណើរការវិវត្តន៍នានានៅក្នុងសង្គមកម្ពុជា។ នៅក្នុងដំណើរការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន កាន់តែស្រួចស្រាវលើបញ្ហាសតិអារម្មណ៍ ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានជម្រើសច្រើនក្នុងទទួលបានព័ត៌មាន ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយផលិតព័ត៌មាន ដែលគ្មានខ្លឹមសារ គ្មានការទាក់ទាញ ផលិតព័ត៌មានដែលមិនឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ ចំណង់ចំណូលចិត្ត ឬផ្តល់ចំណេះដឹងនោះពួកគាត់នឹងងាកទៅប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងទៀតដើម្បីទទួលបានព័ត៌មានជាដើម។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាញសង្គម Facebook និង TikTok គឺជាមូលដ្ឋានដ៏ធំនៃប្រភពព័ត៌មានដ៏សម្បូរបែបរបស់ប្រជាពលរដ្ឋ។ គ្រាន់តែគណនី Facebook នៅកម្ពុជា គឺមានចំនួន ១៥លានគណនី ហើយ TikTok គឺមានជាង១០លានគណនី ដូច្នេះ នៅក្នុង១ថ្ងៃៗ មានខ្លឹមសាររាប់លានខ្លឹមសារ ត្រូវបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះវាក៏ជាឱកាសរបស់ក្រុមជនទុច្ចរិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ ដើម្បីបំភ្លៃ បំភ្លើស បំភ័ន្ត បំប៉ោងទៅលើសាធារណមតិឱ្យយល់ច្រឡំ ឬបង្កើតការសង្ស័យ ហើយការឱ្យមានការសង្ស័យ ឬមន្ទិលលើរាជរដ្ឋាភិបាល គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងដែលតែងតែប្រើប្រាស់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការងារព័ត៌មាន ឬសមរភូមិសតិអារម្មណ៍ គឺជាសមរភូមិអំណាចមួយយ៉ាងសំខាន់ បច្ចុប្បន្ននេះមន្ត្រីព័ត៌មាន និងសាធារណមតិបានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែក្រុមប្រឆាំងរដ្ឋាភិបាលបានព្យាបាលបង្កើតនូវព័ត៌មានប្រឌិត ក្លែងក្លាយដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្តមកលើរដ្ឋាភិបាល។ ដូច្នេះ ក្នុងនាមជាមន្ត្រីព័ត៌មាន ក្រុមការងារសាធារណមតិ ត្រូវតែបង្កើនការយកចិត្តទុលដាក់ចំពោះករណីនេះ ជាពិសេសត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកចិត្តដល់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលទទួលបានសំលេងគាំទ្រតាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋឱ្យកាន់តែសកម្មបន្ថែមទៀត តាមរយៈព័ត៌មានពិត និងមានខ្លឹមសារគ្រប់គ្រាន់។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បញ្ចកោណទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព៕