ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

Posted By: RoogRog Robot | 31-Jan-2025 14:19:25

2025-01-31 02:13pm

(មណ្ឌលគិរី)៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WWF នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ធ្វើយុទ្ធនាការ <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុក នៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការ WWF ប្រមាណ២០០នាក់។

ក្នុងឱកាសនោះ លោក ថង សាវុន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម ឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

ជាមួយគ្នានេះ លោក មាស សុផល បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់<<កុំបោះ កុំដុត និងកុំ កប់>>សំណល់ប្លាស្ទិក។

គួរបញ្ជាក់ថា យុទ្ធនាការ <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណង៖ទី១- ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ទី២- ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត

ទី៣- ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍

និង៤-កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...