(វ៉ាស៉ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ចិនមិនទាន់មានផែនការណាមួយដើម្បីបិទខ្ទប់ព្រែកជីកប៉ាណាម៉ាទេ ប៉ុន្តែវាមានហានិភ័យក្នុងការធ្វេីដូច្នេះ ករណីជម្លោះជាមួយសហរដ្ឋអាមេរិកកេីតឡេីង ហើយទីក្រុងវ៉ាស៉ីនតោនមានបំណងដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥។
នៅពេលស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានចោទប្រកាន់ប៉ាណាម៉ាម្តងទៀតថា បានរំលោភលើការសន្យាឆ្នាំ ១៩៩៩ នៅពេលដែលអាមេរិកប្រគល់ព្រែកជីកនេះទៅឱ្យប៉ាណាគ្រប់គ្រង តាមរយៈប្រតិបត្តិការរបស់ចិននៅទីនោះ។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា បានបដិសេធយ៉ាងខ្លាំង។
លោក Rubio បានលេីកពីក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលកំពុងប្រតិបត្តិការកំពង់ផែចំនួនពីរ នៅច្រកចូលមហាសមុទ្រអាត្លង់ទិក និងប៉ាស៉ីហ្វិកមួយថាជាហានិភ័យសម្រាប់សហរដ្ឋអាមេរិក ពីព្រោះពួកគេនឹងធ្វើអ្វីដែលរដ្ឋាភិបាល (ចិន) ប្រាប់ពួកគេ។ លោកគូសបញ្ជាក់ថា <<ប្រសិនបើរដ្ឋាភិបាលចិន ប្រាប់ពួកគេឱ្យបិទខ្ទប់ព្រែកជីកប៉ាណាម៉ា ពួកគេនឹងត្រូវធ្វេីតាម។ តែឥលូវនេះ ពួកគេមិនទាន់មានផែនការដើម្បីធ្វើដូច្នេះទេ។ វាគ្រាន់តែជាការគំរាមកំហែងចំពោះមុខ>>។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Rubio ធ្វេីឡេីងប៉ុន្មានថ្ងៃមុនពេល លោកត្រូវបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាល ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ក្នុងនាមជាប្រមុខការទូតអាមេរិក ហេីយជាការបន្ទរបន្ថែមលេីក្តីកង្វល់មួយចំនួនរបស់ លោក ត្រាំ អំពីឥទ្ធិពលរបស់ចិន នៅលើផ្លូវទឹកជាយុទ្ធសាស្ត្រនេះ៕