កម្ពុជា-ជប៉ុន បិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មសំណង់ស៊ីវិលគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព

Posted By: RoogRog Robot | 31-Jan-2025 13:57:22

2025-01-31 01:53pm

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកស្រី Matsuzawa Tomoko នាយក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិស្ត្រី ដើម្បីសន្តិភាព និងសន្តិសុខរបស់ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មសំណង់ស៊ីវិល គម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ចំពោះវគ្គហ្វឹកហ្វឺននេះ លោកឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា វាបានឆ្លុះបញ្ចាំងពីការវិវដ្តទៅមុខផ្នែកបណ្តុះបណ្តាល បង្កើនសមត្ថភាពដល់កងកម្លាំងរក្សាសន្តិភាព។ គ្រប់វគ្គហ្វឹកហ្វឺនជានិច្ចជាកាលតែងមានការចង្អុលបង្ហាញ ណែនាំ និងលើកទឹកចិត្តជាប្រចាំពីសំណាក់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជាពិសេសមានការគាំទ្រពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាផងដែរ។

វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៦សប្តាហ៍ ដែលមានសិក្ខាកាមទ័ពមួកខៀវកម្ពុជា ចំនួន៣០នាក់ ក្នុងនោះមាននារី ចំនួន៣នាក់ និងយោធាចារ្យជប៉ុនចំនួន១៦នាក់ ធ្វើការហ្វឹកហ្វឺនលើជំនាញវិស្វកម្មសំណង់ស៊ីវិល ដោយផ្តោតទៅលើការបញ្ជា ប្រើប្រាស់គ្រឿងចក្រ អ៉ិចស្កាវ៉ាទ័រ ដើម្បីឆ្លើយតបទៅនឹងការពង្រឹងលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាព កងកម្លាំងឱ្យស្របតាមគន្លងផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

លោកស្រី MATSUZAWA Tomoko បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣មក មជ្ឈមណ្ឌលជាតិបានសហការជាមួយជប៉ុន លើផ្នែកបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្ស លើវិស័យរក្សាសន្តិភាពនេះ ដែលរហូតមកដល់ឆ្នាំ២០២៥ គឺមានសិក្ខាកាមសរុបចំនួន២៥២នាក់ បានហ្វឹកហ្វឺនលើជំនាញគ្រប់គ្រងការដ្ឋានសំណង់ ការសាងសង់ផ្លូវលំ និងធ្វើផ្លូវបេតុង ប្រព័ន្ធប្រឡាយរំដោះទឹក ប្រព័ន្ធលូ ការវាស់ស្ទង់TOPO និងរបៀបថែទាំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបញ្ជាប្រើប្រាស់គ្រឿងចក្រវិស្វកម្មកម្មធុនធ្ងន់ជាដើម៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...