ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សាងសង់សម្រេចបាន៥២%

Posted By: RoogRog Robot | 31-Jan-2025 16:48:18

2025-01-31 04:42pm

(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបានប្រមាណ៥២%ហើយ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ៥២%ហើយ។ ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះ និងសសរស្ពានរួចរាល់ហើយ។ បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុង បានប្រមាណជាង៦០% (៤ប្រឡោះ/៧ប្រឡោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះនិងសសររួចហើយ។ឯការដំឡើងធ្នឹម នឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ចំពោះការសាងសង់ដំឡើងធ្នឹមស្ពាននេះ នឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ម្តងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយបានទាន់ផែនការ។ ដូចនេះ សូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះមេត្តាយោកយល់ និងអធ្យាស្រ័យ។

ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី បានធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត បន្ទាប់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦ មិថុនា។

គម្រោងស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ការដ្ឋានទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ទៅតាមផែនការ ដែលបានគ្រោងទុកដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន១៦,២០០,៥០០ដុល្លារអាមេរិកនិងប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...