(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានរក្សាចក្ខុវិស័យប្រុងប្រយ័ត្នចំពោះសេដ្ឋកិច្ច មួយផ្នែកដោយសារអ្នកបង្កើតគោលនយោបាយបានរក្សាការប្រុងប្រយ័ត្នចំពោះគោលនយោបាយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងផលប៉ះពាល់ដែលអាចកើតមានពីគោលនយោបាយទាំងនោះទៅលើសេដ្ឋកិច្ចពិភពលោក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនក៏បានឱ្យដឹងផងដែរថា ការប្រែប្រួលទីផ្សារហិរញ្ញវត្ថុក៏ជាកត្តាមួយផ្សេងទៀតដែលត្រូវឃ្លាំមើល ហើយរក្សាចក្ខុវិស័យរបស់ខ្លួននៅដដែលចំពោះសេដ្ឋកិច្ចដែលកំពុងស្ទុះងើបឡើងវិញក្នុងកម្រិតមធ្យមក្នុងខែមករានេះ ដែលគាំទ្រដោយការកើនឡើងប្រាក់ឈ្នួលថេរ និងភាពរឹងមាំនៃវិស័យសាជីវកម្ម។
មន្ត្រីម្នាក់បម្រើការនៅការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានប្រាប់រ៉យទ័រថា៖ <<បទបញ្ជាប្រតិបត្តិនៃគោលនយោបាយផ្សេងៗ ដូចជាគោលនយោបាយអន្តោប្រវេសន៍ និងគោលនយោបាយថាមពល ដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចទាំងក្នុងនិងក្រៅសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក>>។
ការគម្រាមដកហូតពន្ធគយរបស់លោក ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗបានបង្កឱ្យមានភាពមិនច្បាស់លាស់សម្រាប់វិនិយោគិន និងអ្នកបង្កើតគោលនយោបាយ ហើយបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារពិភពលោកចាប់តាំងពីមុននិងក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុនក្រុមហ៊ុនជប៉ុនភាគច្រើនដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ផលជះដែលកើតចេញពីគោលនយោបាយរបស់លោក ត្រាំ។
របាយការណ៍ក្នុងខែមករានេះរបស់ការិយាល័យគណរដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា ការវិនិយោគរបស់ជប៉ុននៅសហរដ្ឋអាមេរិកបាននិងកំពុងកើនឡើង ដោយជាប់ចំណាត់ថ្នាក់កំពូលក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩មក។ ក្រុមហ៊ុនជប៉ុនក៏កំពុងរួមចំណែកដល់ការបង្កើតការងារនៅសហរដ្ឋអាមេរិកផងដែរ ដោយទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងវិស័យផលិតកម្ម។
របាយការណ៍ដដែលនេះបានបង្ហាញថា រដ្ឋាភិបាលជប៉ុនបានរក្សាចក្ខុវិស័យរបស់ខ្លួននៅដដែលលើផ្នែកសេដ្ឋកិច្ចសំខាន់ៗភាគច្រើន។ ការប្រើប្រាស់ឯកជនដែលមានច្រើនជាងពាក់កណ្តាលនៃសេដ្ឋកិច្ចជប៉ុនកំពុង <<កើនឡើង>> ហើយប្រាក់ចំណេញរបស់សាជីវកម្មកំពុង <<ងើបឡើងវិញជារួម>>។
របាយការណ៍នេះបានបន្តថា រដ្ឋាភិបាលជប៉ុនរំពឹងថា សេដ្ឋកិច្ចនឹងបន្តងើបឡើងវិញជាបណ្តើរៗដោយសារភាពប្រសើរឡើងនៃបរិយាកាសការងារនិងប្រាក់ឈ្នួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕