(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោកស្រី Qiu Lili ស្ថាបនិកមូលនិធិ Beijing PEACELAND ប្រទេសចិន បាននាំយកលិខិតចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ វីរបុរសបោសសម្អាតមីនគឺលោក ពៅ នេពីន និង លោក អឿន ចាន់ដារ៉ា ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
នៅចំពោះមុខ ឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករង CMAC លោកស្រី Qiu Lili ដែលទឹកមុខពោរពេញដោយទុក្ខសោក បានសម្លឹងមើលដោយយកចិត្តទុកដាក់លើរូបថតវីរបុរស ទាំងពីររូប ដោយលោកស្រីបានពោលថា៖ យើងមានមោទនភាព និងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់វីរបុរសកម្ពុជា បោសសម្អាតមីនទាំងពីររូប។
លោកទាំងពីរបានបន្សល់ទុកនូវស្នាដៃរបស់ខ្លួន ក្នុងការរួមចំណែកផ្តល់ឱ្យប្រជាជនកម្ពុជា នូវទឹកដីប្រកបដោយសុវត្ថិភាព និងស្រស់ស្អាត។ លោកទាំងពីរគឺជាវីរជនកម្ពុជា ដែលពោរពេញដោយការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារប្រជាពលរដ្ឋ និងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោកស្រី Qiu Lily បានស្នើសុំឯកឧត្តម អ៊ុ ភូមិរ៉ូ ពាំនាំនូវសារលិខិតរបស់របស់មូលនិធិ Beijing PEACELANDក្នុងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារនៃវីរជនទាំងពីរ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ របស់លោកទាំងពីរបានទៅកាន់សុគតិភព។ លោកស្រីបានឯកភាពទាំងស្រុងជាមួយ ប្រសាសន៍របស់ឯកឧត្តម អ៊ុ ភូមិរ៉ូ ហើយបន្តការលើកទឹកចិត្តដល់មូលនិធិ Beijing PEACELAND ប្រចាំនៅកម្ពុជាដែលមានលោក Liu Wenzhi ជាតំណាងឱ្យបំពេញការងារសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាព CMAC ដើម្បីបន្តកេរ្តិ៍មរតកដ៏មានតម្លៃ ក្នុងបុព្វហេតុសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍសង្គមកម្ពុជាលើ សមរភូមិនៃការបោសសម្អាតមីន និងសំណល់ពីសង្គ្រាម។
គួររំលឹកផងដែរថា មូលនិធិ Beijing PEACELAND ប្រទេសចិន តែងតែគាំទ្រដល់បេសកកម្មការងាររបស់ CMAC ដើម្បីបុព្វហេតុរួមរបស់យើងក្នុងការសម្រេចបាន នូវផ្ទៃដីគ្មានមីននៅកម្ពុជា៕
វិទ្យុមិត្តភាពកម្ពុជាចិន