(ភ្នំពេញ)៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបើកសិក្ខាសាលាតម្រង់ទិស ស្តីពី <<ឧបករណ៍វាយតម្លៃខ្លួនឯង ដើម្បីពង្រឹងការត្រៀមខ្លួន ចំពោះគ្រោះមហន្តរាយធម្មជាតិ និងការឆ្លើយតបបន្ទាន់>>។ ឧបករណ៍វាយតម្លៃ ដោយខ្លួនឯង ត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីត្រៀមខ្លួនភាពជាដៃគូអាស៊ី (APP) ដើម្បីជួយដៃគូនៅមូលដ្ឋាន ក្នុងការវាយតម្លៃការអនុវត្តរបស់ខ្លួននៅក្នុងបរិបទ នៃការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ និងប្រជាជន ដែលទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។
តាមរយៈសិក្ខាសាលាតម្រង់ទិសនេះ នឹងទទួលចំណេះដឹងថ្មី អំពីឧបករណ៍ស្វ័យវាយតម្លៃ ក្នុងការគ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ដែលលោកស្រី Ronilda Co ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី នឹងធ្វើបទបង្ហាញ។
សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងលោកស្រី Ronilda Co ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដោយមានការចូលរួមមាន៖ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ប្រធានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥, អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥, ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានលើកឡើងថា សិក្ខាសាលាតម្រង់ទិស ស្តីពី <<ការប្រើប្រាស់ឧបករណ៍វាយតម្លៃ សមត្ថភាពគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ>> ត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងសម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការ គ្រោះមហន្តរាយអាស៊ី (ADPC) នៅក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងដល់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត អំពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសមត្ថភាពគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ ដែលរៀបចំដោយកម្មវិធីដៃគូបង្ការគ្រោះមហន្តរាយអាស៊ី (APP) ដែលជួយអាជ្ញាធរមូលដ្ឋាន វាយតម្លៃការបំពេញការងារ ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ និងប្រជាពលរដ្ឋរងគ្រោះ ឲ្យកាន់តែមានប្រសិទ្ធភាព មុនពេល ក្នុងអំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយកើតឡើង។
លោកបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺកិច្ចសហការជាលើកដំបូងរវាងសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត និងមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៦ នៅទីក្រុងបាងកក ធ្វើការលើការងារកាត់បន្ថយគ្រោះមហន្តរាយ និងកសាងភាពធន់នៃការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយនៅឆ្នាំ២០០៥ ធម្មនុញ្ញអន្តរជាតិរបស់អង្គការ ADPC ត្រូវបានចុះហត្ថលេខា ដោយប្រទេសជាស្ថាបនិក ចំនួន៩ គឺ៖ ប្រទេសបង់ក្លាដេស កម្ពុជា ចិន ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា និងថៃ។ ខ្ញុំសង្ឃឹមថា អង្គការ ADPC នឹងបន្តកិច្ចសហការជាបន្តបន្ទាប់ទៀត ជាមួយសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅក្នុងការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ ក្រោមជាតិ នៅក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ។
ដើម្បីពង្រឹងការត្រៀមខ្លួន ចំពោះគ្រោះមហន្តរាយ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ អាស៊ី (ADPC) សហការជាមួយសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មូលនិធិប៊ីល និងម៉ាលីនជាហ្គេត (Bill & Melinda Gates (BMGF) និងវិទ្យាស្ថានវិទ្យាសាស្រ្តផែនដីហុងឌុ យរ៉ាស (Honduras Institute of Earth Sciences (IHCIT) កំពុងគាំទ្រការអនុវត្តឧបករណ៍ និងវិធី សាស្ត្រប្រកបដោយនវានុវត្តន៍ នៅរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តកំពត។ ការប្រើប្រាស់ឧបករណ៍នេះ ជួយវាយតម្លៃសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ នៅតាមបណ្តាទីក្រុង ដែលបានជ្រើសរើសហើយនាំទៅដល់ការបង្កើតផែនការ សកម្មភាពសម្រាប់ការកែលម្អសមត្ថភាព នៅមូលដ្ឋានក្នុងការត្រៀមខ្លួន ចំពោះគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់។
លើសពីនេះ ADPC ខិតខំជួយដៃគូនៅមូលដ្ឋាន ក្នុងការវាយតម្លៃការចូលរួម និងសកម្មភាពរបស់ដៃគូក្នុងអំឡុងពេល និងក្រោយពេលមានព្រឹត្តិការណ៍គ្រោះមហន្តរាយ។ ឧបករណ៍វាយតម្លៃដោយខ្លួនឯង ត្រូវបានបង្កើតឡើង តាមរយៈកម្មវិធីត្រៀមខ្លួនភាពជាដៃគូអាស៊ី (APP) ដើម្បីជួយដៃគូនៅមូលដ្ឋានក្នុងការវាយតម្លៃការអនុវត្តរបស់ខ្លួននៅក្នុងបរិប ទនៃការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ និងប្រជាជនដែលទទួលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយ។
ឧបករណ៍វាយតម្លៃដោយខ្លួនឯង APP ចំនួនបីមានដូចខាងក្រោម៖
* ឧបករណ៍វាយតម្លៃស្តង់ដារមនុស្សធម៌ស្នូល (CHSAT)* ឧបករណ៍វាយតម្លៃសមត្ថភាពស្ថាប័ន (ICAT)* ឧបករណ៍សម្រាប់ការចូលរួមរបស់ស្ថាប័ន (TIE)។
ឧបករណ៍ទាំងនេះ មានគោលបំណងជួយដៃគូនៅមូលដ្ឋានក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងប្រតិបត្តិការរបស់ខ្លួន ដើម្បីវាយតម្លៃ និងលើកកំពស់ប្រសិទ្ធភាពនៃការរៀបចំ និងការចូលរួមរបស់ស្ថាប័ន នៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ។ ឧបករណ៍ទាំងនេះ អាចឲ្យដៃគូនៅមូលដ្ឋាន វាយតម្លៃការដាក់បញ្ចូលស្តង់ដារមនុស្សធម៌ស្នូល (CHSAT) ទៅក្នុងការងាររបស់គាត់ សមត្ថភាពស្ថាប័ន (ICAT) របស់គាត់ និងការចូលរួមរបស់ស្ថាប័នគាត់ (TIE) នៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ។
ឧបករណ៍វាយតម្លៃខ្លួនឯង APP មានបកប្រែជាភាសាខ្មែរ និងភាសាបារាំង ដែលអាចរកបានតាមអ៊ីនធឺណិត។ ជាផ្នែកមួយនៃកម្មវិធី ADPC មានគោលបំណងផ្សព្វ ផ្សាយឧបករណ៍ APP ដល់សមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តក្នុងបំណងកសាងការយល់ ដឹង និងការប្រើប្រាស់ឧបករណ៍ទាំងនេះក្នុងចំណោមរដ្ឋបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ឈានទៅរកការ កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព៕