(ព្រុចសែល)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិនបានឱ្យដឹងនៅពីថ្ងៃសុក្រថា ក្រុមហ៊ុននឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុបក្នុងខែកុម្ភៈ ដែលបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្ត Atto 2 ដែលជាម៉ូដែលបំពេញបន្ថែមទៅនឹងរថយន្តធុនធំម៉ូដែល Atto 3 ដែលបានចេញលក់នៅឆ្នាំ២០២២ នឹងប្រកួតប្រជែងនៅក្នុងទីផ្សារផ្នែក B-SUV។
ការដាក់បង្ហាញរថយន្តថ្មីនេះធ្វើឡើងរយៈពេលពីរខែបន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តវិធានការដំឡើងពន្ធគយលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនរួមទាំងរថយន្ត BYD ក្នុងអត្រារហូតដល់ទៅ ៤៥,៣ភាគរយ។
រថយន្ត Atto 2 នឹងប្រកួតប្រជែងជាមួយរថយន្ត SUV ខ្នាតតូចរបស់អឺរ៉ុបរថយន្ត Peugeot e-2008 របស់ក្រុមហ៊ុន Stellantis រថយន្ត e-C3 របស់ក្រុមហ៊ុន Citroën រថយន្ត Mokka-e របស់ក្រុមហ៊ុន Opel និងរថយន្ត 600e របស់ក្រុមហ៊ុន Fiat និងរថយន្ត Niro របស់ក្រុមហ៊ុន Kia និងរថយន្ត R4 របស់ក្រុមហ៊ុន Renault ដែលនឹងចេញលក់នៅចុងឆ្នាំនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា តម្លៃរថយន្ត Atto 2 នឹងត្រូវបានបង្ហាញ <<នៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលពីរបីសប្តាហ៍>> ខាងមុខ ហើយតម្លៃអាចស្ថិតនៅចន្លោះតម្លៃរវាងរថយន្ត Dolphin និងរថយន្ត Atto 3។
នៅប្រទេសអង់គ្លេស រថយន្ត Dolphin មានតម្លៃចាប់ផ្តើមពី ២៦ ១៤០ផោន (៣២ ១៥៧ដុល្លារ) និងតម្លៃរថយន្ត Atto 3 មានចាប់ផ្តើមពី ៣៧ ១៤០ផោន (៤៥ ៦៨៩ដុល្លារ)។ ក្រុមហ៊ុន BYD បានឱ្យដឹងថា រថយន្តអគ្គិសនី Atto 2 មានប្រវែង ៤,៣១ម៉ែត្រ ទទឹង ១,៨៣ម៉ែត្រ និងកម្ពស់ ១,៦៨ម៉ែត្រ៕