លោក ត្រាំ បន្ទោសបក្សប្រជាធិបតេយ្យថាអសមត្ថភាព ជុំវិញបញ្ហាភ្លើងឆេះនៅរដ្ឋ California

Posted By: RoogRog Robot | 10-Jan-2025 11:14:25

2025-01-10 11:08am

(វ៉ាស៉ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសលោកប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ដែលមកពីគណបក្សប្រជាធិបតេយ្យ ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។

ដោយមិនផ្តល់ភស្តុតាង លោក ត្រាំ បានចោទប្រកាន់អភិបាលរដ្ឋ California លោក Gavin Newsom អំពីភាពបរាជ័យផ្សេងៗ រួមទាំងការខ្ជះខ្ជាយទឹកដែលប្រើដើម្បីពន្លត់អគ្គិភ័យ ព្រោះតែចង់ការពារត្រីមួយប្រភេទ។ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយសំដៅលើក្រុមអ្នកប្រជាធិបតេយ្យ ដូច្នេះថា <<លោក Gavin Newsom គួរតែលាលែងពីតំណែង។ នេះជាកំហុសរបស់គាត់>>។ លោក ត្រាំ បានបន្ថែមថា <<ភ្លើងឆេះដ៏សាហាវនៅ Los Angeles បង្ហាញថាពេលវេលាចូលកាន់តំណែង គួរតែមកឱ្យបានលឿនជាងនេះ។ វាជានិមិត្តរូបនៃអសមត្ថភាពជារួម និងការគ្រប់គ្រងមិនបានត្រឹមត្រូវរបស់ លោក បៃដិន ក៏ដូចជាលោក Newsom>>។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលរាលដល់ផ្ទះប្រជាជន ស្ទើរតែនៅទូទាំងទីក្រុង Los Angeles បានលេបត្របាក់សំណង់ និងផ្ទះជិត ១០ ០០០កន្លែង សម្លាប់មនុស្ស ៥នាក់ ហើយនៅបន្តឆេះរហូតដល់ថ្ងៃទី៣ គិតត្រឹមថ្ងៃព្រហសប្បតិ៍សប្តាហ៍នេះ ទោះបីជាខ្យល់បក់ខ្លាំងបានធូរស្រាល និងអាចឱ្យក្រុមពន្លត់អគ្គីភ័យបានសម្រាកខ្លះក៏ដោយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...