(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធនេះបានរិះគន់ខ្លាំងៗ ទៅលើមហាសេដ្ឋី Elon Musk ដោយចោទប្រកាន់លោក ពីបទជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
ថ្លែងក្នុងព្រឹត្តិការណ៍រំលឹកខួប ៥០ ឆ្នាំ នៃការស្លាប់របស់មេដឹកនាំផ្តាច់ការ Francisco Franco នៅទីក្រុងម៉ាឌ្រីដ លោក Sanchez បានរិះគន់យ៉ាងខ្លាំងចំពោះចលនាស្តាំនិយមអន្តរជាតិ ដោយប្រៀបធៀបទៅនឹងការគាំទ្ររបបណាស៊ី។
នាឱកាសនោះ លោកបានលើកឡើងថា <<សិទ្ធិអន្តរជាតិ ដែលយើងធ្លាប់បានប្រឆាំងយ៉ាងស្វិតស្វាញ នៅក្នុងប្រទេសអេស្ប៉ាញ កំពុងតែវាយប្រហារស្ថាប័នរបស់យើងដោយបើកចំហ ញុះញង់ឱ្យមានការស្អប់ខ្ពើម និងគាំទ្រដល់អ្នកដែលដើរតាមគន្លងនៃលទ្ធិណាស៊ី នៅក្នុងប្រទេសអាល្លឺម៉ង់>>។ លោកបានបន្ថែមថា <<ចលនាស្តាំនិយមអន្តរជាតិមួយនេះ ដឹកនាំដោយបុរសមានបំផុតនៅលើភពផែនដី>> ដោយសំដៅដោយប្រយោលទៅលើមហាសេដ្ឋី Elon Musk។
ការរិះគន់នេះ កើតឡើងបន្ទាប់ពីមានការបញ្ចេញមតិ លើបណ្តាញសង្គម X ដោយលោក Elon Musk កាលពីថ្ងៃអាទិត្យ ជុំវិញអត្ថបទមួយ ដែលលើកឡើងថា ជនបរទេសភាគច្រើន ជាអ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ នៅតំបន់ Catalonia ភាគឦសាននៃប្រទេសអេស្ប៉ាញ។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងអឺរ៉ុប និងជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ៕