(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានព្រះបន្ទួលជំរុញទៅដល់យុវជនទាំងអស់ ដែលមានឱកាសបានសិក្សារៀនសូត្រ ត្រូវនាំគ្នាប្រឹងប្រែងឡើង ដើម្បីមានចំណេះជំនាញឲ្យបានច្បាស់លាស់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបណ្ដុះនូវធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។
ក្នុងកម្មវិធីប្រឡងតេស្ត ជ្រើសរើសឲ្យចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលមានសមណនិស្សិត និស្សិតចំនួនជាង ២ ០០០អង្គនាក់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្ដេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលថា យុវជនត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ថាក្នុងវ័យណា ដែលខ្លួនត្រូវសិក្សា ហើយវ័យណា ដែលខ្លួនត្រូវធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិត ខណៈសម័យកាលនេះ យុវជនពិតជាសំណាងណាស់ ដែលប្រទេសជាតិមានសុខសន្តិភាព ហើយបានសិក្សារៀនសូត្រ ។
សម្ដេចព្រះមហាសង្ឃរាជ បានមានបន្ទួលបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន បន្តមកអាណត្តិថ្មីនេះ គឺបានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការបណ្ដុះនូវធនធានមនុស្ស ដោយឡែក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏បានចូលរួមជាចំណែកផងដែរ លើការងារមូលធនមនុស្សនេះ ដោយបានរៀបចំខ្លួន តាំងពីចាប់ផ្ដើមបង្កើត នូវសាកលវិទ្យាល័យនេះឡើង ។
ក្នុងឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះទ័យសប្បាយរីករាយ ខណៈដែលកំណើនចំនួនសមណនិស្សិត និងនិស្សិត ដែលបានធ្វើតេស្តចូលសិក្សាក្នុងសាកលវិទ្យាល័យមានការកើនឡើង បើធៀបនឹងឆ្នាំសិក្សាមុន នេះគឺបានបង្ហាញពីការរីកចម្រើន នៃវិស័យអប់រំនៅកម្ពុជា ។
បើតាមលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៍ថា ការប្រឡងធ្វើតេស្តភាសាអង់គ្លេស់ និងវប្បធម៌ទូទៅសំរាប់ការ ជ្រើសរើសសមនិស្សិត និងនិស្សិតវេនព្រឹកមានចំនួន១១៥៨អង្គ/នាក់និងវេនរសៀលត្រូវធ្វើតេស្តប្រឡងចូលរៀនរសៀលចំនួន១០៦៤អង្គ/នាក់សរុបនិស្សិតទាំងពីរវេនចំនួន២២២២អង្គ/នាក់ ត្រូវបែងចែកជាពីរវេនព្រឹកនិងរសៀល ព្រះសង្ឃ១១៣ អង្គ និស្សិតស្រីចំនួន១២០៦ នាក់ និស្សិតប្រុស៩០៣ នាក់។
លោកបានបន្តថា សម្រាប់ឯកទេស ដែលត្រូវប្រឡងធ្វើតេស្តនោះ រួមមានអក្សរសាស្ត្រខ្មែរ, ទស្សនវិជ្ជា និងសាសនា, នីតិសាស្ត្រ, វិទ្យាសាស្ត្រអប់រំ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រកុំព្យូទ័រ និងភាសាអង់គ្លេស ៕