បើកទំព័រដើមឆ្នាំថ្មី សម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យប្រតិភូសហព័ន្ធ​ស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

Posted By: RoogRog Robot | 08-Jan-2025 02:49:35

2025-01-08 09:47am

(ភ្នំពេញ)៖ បើកទំព័រឆ្នាំថ្មី ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែមករា នេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ​ប្រតិភូសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រៅពីប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាហើយនោះ ក្នុងជំនួបនេះ រដ្ឋមន្ត្រីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងការធ្វើពាណិជ្ជកម្ម មានដូចជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជំនួបនេះ នឹងពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជា។

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួល​បាន​ចំណូល ៤១៣លានដុល្លារអាមេរិក។

ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៧។ ក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់​អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៨៣,៩៨១តោន គិតជាទឹកប្រាក់​ចំនួន ២០៧.៥៥លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ា​កាវ ចំនួន ១០៩,៤៤៨តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧លានដុល្លារ ទៅ​កាន់​ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស​បាន​បរិមាណ ចំនួន ១១៣,៧៩២តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤លាន​ដុល្លារ និងទៅកាន់គោលដៅ ៣១ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨, ៣៤១តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤លានដុល្លារ។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥ភាគរយ ប្រភេទអង្ករស ធម្មតា ២០.១០ភាគរយ អង្ករចំហ៊ុយ ២.៩៥ភាគរយ អង្ករសរីរាង្គចំនួន ១.៨១ភាគរយ និងអង្ករផ្សេងៗចំនួន ០.២៩ភាគរយ។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៤,៦៤២,៥១១តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១,៣៧៨.៧៣លានដុល្លារ​សហ​រដ្ឋ​អាមេរិក។ ក្នុងនោះ៨៨ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការ​បញ្ជាក់​ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...