(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ក្រុមសេនាសន្តិភាព កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ បានរៀបចំអាហារសាមគ្គីនៅលើនាវា ដោយធ្វើទេសចរណ៍នៅតាមដងទន្លេ។ ពិធីនេះ មានការចូលរួមពីសមាជិកសមាជិកដែលជាអ្នកស្រលាញ់សន្តិភាពទាំងក្នុង និងក្រៅប្រទេសជា២០០នាក់។
ការរៀបចំអាហារសាមគ្គីអបអរសាទរទិវាជ័យជម្នះ<<៧មករា ពន្លឺនៃសន្តិភាព>>នេះ គឺជាការបង្ហាញ នូវការសាមគ្គីគ្នា រួមគ្នាថែរក្សា និងការពារនូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ហើយមួយវិញទៀត ពិធីជួបជុំនេះក៏បញ្ជាក់អំពីការគោរពស្រលាញ់ និងដឹងគុណបំណាច់យ៉ាងធំធេងរបស់ឥស្សរជនខ្មែរដែលបានខិតខំពុះពារគ្រប់ឧបសគ្គនាំមកប្រទេសឲ្យរួចផុតពីការកាប់សម្លាប់ យ៉ាងរង្គាលពីក្រុមខ្មែរក្រហមផងដែរ។
អាហារសាមគ្គីនេះ គឺបានរៀបចំឡើងដោយ លោក លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក យឿន យឿត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងបងប្អូនសេនាសន្តិភាពទាំងក្នុងស្រុក និងក្រៅស្រុកជាដើម។
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ <<៧មករា>> ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការបង្ហាញស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា៕