(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា (០៧. មករា ១៩៧៩- ០៧ មករា ២០២៥) ក្រោមវត្តមានលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ និងមហាជនសរុបជាង២០០០នាក់។
បន្ទាប់ពីបានស្តាប់សន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជារួចមកលោក មាន ចាន់យ៉ាដា បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលដ៍មានតម្លៃចូលរួមក្នុងពិធីមីទ្ទិញដ៏មានសារ:សំខាន់នាពេលនេះរហូតដល់ចំនួនជាង២០០០នាក់។
លោកអភិបាលខេត្តឧត្តរមានជ័យ បានបន្តថា មហាជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានសង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាង ហើយបានស្តារ និងកសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាក រាប់មុឺនជំពូករហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។
ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានអំពាវនាវឱ្យចូលរួមទាំងអស់គ្នាប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។ ពិសេសត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឱ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ជាអនុប្រធាន និងសម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឱ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត៕