(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០៖៤០នាទីព្រឹក ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា <<ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ចំពោះកូនចៅ ចៅទួត ដែលតែងតែខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ អស់ពីកម្លាំងកាយចិត្ត រហូត ក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើម និងបានបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ មរណភាពរបស់មហា ឧបាសិកា គង់ លាន់ គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបាន លះបង់ទាំងពេលវេលា និងធនធាន ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
ខ្ញុំ និងភរិយា សូមឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា គង់ លាន់ ឆាប់បាន ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខ ដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា>>៕