សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពនឹងមិនអាចគង់វង្ស បានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ (Video inside)

Posted By: RoogRog Robot | 07-Jan-2025 11:20:25

2025-01-07 11:17am

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ បា​នគូសបញ្ជាក់ថា សន្តិភាពនឹងមិនអាចគង់វង្ស បានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ <<៧មករា>> ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់​ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមពី សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្សសរុបជាង ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា <<យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្ស បានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ>>។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្រ្គាមកំពុងតែឆាប ឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកប ដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាម កំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថា សន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។

សម្ដេចបន្ដថា សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន យល់ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនា ប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព៕













































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...