(កំពង់ស្ពឺ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់វាលពង់ ខេត្តកំពង់ស្ពឺ លោក លី ច័ន្ទតុលា នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ និងលោកស្រី ឈីវ ភិរម្យ បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងសមាជិក គណបក្សប្រជាជនកម្ពុជានៃសង្កាត់វាលពង់ ប្រមាណ៦០០នាក់ រៀបចំពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។
នាឱកាសនោះកម្មវិធីក៏បានអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចតេជោ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រា រព្ធពិធីអបអរសាទរខួប ៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ <<៧មករា>> នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីការអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន រួចមក, លោក លី ច័ន្ទតុលា បានមានមតិសំណេះសំណាលទៅកាន់អង្គពិធី និងបានបញ្ជាក់ថា ការប្រារព្ធពិធីមិទ្ធីញនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជានៅទូទាំងប្រទេសបាននឹងកំពុងប្រារព្ធពិធីនេះយ៉ាងអធិកអធម ពិសេសការរៀបចំប្រារព្ធមិទ្ទីញដ៏ធំនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមលោក លី ច័ន្ទតុលា គោលបំណងនៃការរៀបចំទិវាជ័យជម្នះ ៧ មករា គឺដើម្បី៖
ទី១៖ ធ្វើឲ្យសមាជិក សមាជិកាគណបក្ស និងមហាជន បានយល់ច្បាស់អំពីប្រវត្តិ និងអត្ថន័យដ៏ថ្លៃថ្លាបំផុតនៃជ័យជំនះ ៧ មករា សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ លើមូលដ្ឋាននោះ ចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ព្រមទាំងមិត្តភក្តិទាំងឡាយ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និង ការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។
ទី២៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់ជាតិដែលសម្រេចបានក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមេរៀន បទពិសោធន៍ដ៏ថ្លៃថ្លារបស់ជាតិ ហើយប្តេជ្ញាថែរក្សា ពង្រឹង និងពង្រីកសមិទ្ធផលទាំងនេះ ឲ្យបានស្ថិរស្ថេរ គង់វង្ស និងរីកចម្រើនតទៅមុខទៀត។
ទី៣៖ ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ បានឃើញច្បាស់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ និងការប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ ដោយផ្អែក លើច្បាប់ ការពារដាច់ខាតនូវអធិបតេយ្យជាតិ។
ទី៤៖ ពង្រឹងកម្លាំងមហាសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសន្តិភាព ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឲ្យបានសម្រេចជោគជ័យ និងលុបបំបាត់នយោបាយជ្រុលនិយម គ្រប់រូបភាពឲ្យអស់ពីកម្ពុជា។
សូមបញ្ជាក់ដែរថា នៅចុងបញ្ចប់នៃពិធីនេះលោក លី ច័ន្ទតុលា និងលោកស្រី ឈីវ ភិរម្យ ក៏មានការរៀបចំអាហារសាមគ្គី ល្បែងកម្សាន្តសប្បាយៗ និងមានវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិកសមាជិការនៃអង្គពិធីទាំងមូលផងដែរ៕