(អាមេរិក)៖ កាលពីថ្ងៃអង្គារ ទី៧ ខែមករា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យបណ្តាប្រទេស ដែលជាសសមាជិករបស់អង្គការ NATO បង្កើនការចំណាយបន្ថែមទៀតទៅលើវិស័យយោធា គឺឱ្យដល់៥ភាគរយនៃ GDP របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានលើកឡើងថា សមាជិក NATO ទាំងអស់ សុទ្ធតែមានលទ្ធភាព ដូច្នេះពួកគេគួរតែចំណាយឱ្យដល់ខ្ទង់ ៥ភាគរយ នៃ GDP មិនមែនត្រឹម២ភាគរយទេ ហើយលោកបានបន្តថា រហូតមកទល់ពេលនេះ អឺរ៉ុបចំណាយលុយត្រឹមតែមួយចម្រៀកតូចប៉ុណ្ណោះ បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក។
ជាយូរមកហើយ លោក ដូណាល់ ត្រាំ បានប្រកាន់ជំហរមិនសូវគាំទ្រ NATO នោះឡើយ ដែលជាសសរគ្រឹះនៃសន្តិសុខនៅអឺរ៉ុប ចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទី២ ហើយកាលពីចុងឆ្នាំមុន រូបលោកបានគំរាមសាជាថ្មីថា នឹងដកអាមេរិកចេញពី NATO ប្រសិនបើបណ្តាសមាជិក មិនព្រមបង្កើន ការចំណាយបន្ថែមលើវិស័យការពារជាតិ។
គួរបញ្ជាក់ថា បក្សសម្ព័ន្ធយោធាលោកខាងលិច ដែលមានសមាជិកសរុប៣២ប្រទេសមួយនេះ បានកំណត់កាលពីឆ្នាំ២០២៣ នូវកម្រិតអប្បបរមា សម្រាប់ការចំណាយលើវិស័យការពារជាតិ គឺ២ភាគរយនៃ GDP ក៏ប៉ុន្តែសង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន បានញ៉ាំងឱ្យ NATO ពិចារណាពង្រឹងការការពារនៅផ្នែកភាគខាងកើតរបស់ខ្លួន ហើយបង្កើនការចំណាយបន្ថែម។ សូម្បតែ លោក Mark Rutte ដែលជាប្រមុខ NATO ផ្ទាល់ ក៏បានអំពាវនាវកាលពីខែមុន ឱ្យសមាជិកគិតគូរបង្កើនការចំណាយលើសពី ២ភាគរយនៃ GDP ផងដែរ៕