ខេត្តពោធិ៍សាត់ប្រារព្ធខួបអនុស្សាវរីយ៍លើក៤៦ នៃទិវាជ័យជម្នះ៧មករា មានអ្នកចូលរួមជាង៤ពាន់នាក់

Posted By: RoogRog Robot | 05-Jan-2025 15:14:57

2025-01-05 03:12pm

(ពោធិ៍សាត់)៖ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា <<៧ មករា ១៩៧៩ - ៧ មករា ២០២៥>> ត្រូវបានរដ្ឋបាលខេត្ត ប្រារព្ធធ្វើ នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីនេះមានកិត្តិយស ដោយបានការអញ្ជើញចូលរួមពី លោក​ ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត, លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ស្រុក ក្រុង, ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, មន្ត្រីរាជការ, រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជនទាំង៤ប្រព័ន្ធ, ក្រុមកាយរិទ្ធ, យាយជីតាជី និងប្រជាពលរដ្ឋ ប្រមាណជាង៤ពាន់នាក់។

បន្ទាប់ពីតំណាងផែនទាំង១០ បានដាក់កូរ៉ោនគោរពវិញ្ញាណក្ខន្ធ ព្រះសង្ឃនិមន្តស្វាធ្យាជយោន្តោ ប្រសិទ្ធិពរជ័យ ប្រគេនទេយ្យ វត្ថុ និងបង្សុកូលជូនដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនោះរួចមក លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងសន្ទរកថា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា <<៧ មករា ១៩៧៩ - ៧ មករា ២០២៥>> ដោយបានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ ​នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀង​ដ៏រាប។

លោកបានថ្លែងបញ្ជាក់ថា ពេលនេះខេត្តពោធិ៍សាត់កំពុងប្រែមុខ​ប្រែមាត់ កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផលធំៗ បានកើនឡើងព្រោងព្រាត នូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សក្តានុពលផ្នែកវារីអគ្គិសនី រមណីដ្ឋានធម្មជាតិ រមណីដ្ឋានកែឆ្នៃ រោងចក្រ សហគ្រាស សំណង់ធារាស្ត្រ ក្រៅពីនោះនៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈមានភាពល្អប្រសើរ។

លោក កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា គិតមកដល់ពេលនេះ ៤៦ឆ្នាំហើយ ដែលកម្ពុជាយើងបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងភាពធ្វើជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយ នៃវិបុលភាពកាន់តែរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដី ក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រីបន្តថា ស្តែងចេញពីនេះ សម្តេចត្រូវបានទទួលការគាំទ្រយ៉ាងទូ​លំទូលាយពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជម្រុញនូវការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ។

តាមរយៈនៃអង្គមិទិញនេះ លោក កែវ រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ​ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕























































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...