(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ខ្លួនរកមិនឃើញមានភស្តុតាងណាមួយគាំទ្រការអះអាងរបស់អង្គការសហប្រជាជាតិដែលចោទប្រកាន់ថា ធនាគារមួយចំនួននៅក្នុងប្រទេសថៃបានជួយរបបយោធាមីយ៉ាន់ម៉ាក្នុងការទិញសម្ភារៈផ្គត់ផ្គង់យោធានៅឆ្នាំ២០២៣ទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg News។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយរួមមួយដោយធនាគារកណ្តាលថៃនិងការិយាល័យប្រឆាំងការលាងលុយកខ្វក់ថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ និងបានបញ្ជាឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពិនិត្យមើលប្រតិបត្តិការមួយចំនួនបន្ទាប់ពីមានរបាយការណ៍អំពីករណីនេះកាលខែមិថុនា ឆ្នាំ២០២៤ ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។
ស្ថាប័នទាំងពីរបានឱ្យដឹងថា៖ <<ការស៊ើបអង្កេតបានរកឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបានធ្វើប្រតិបត្តិការជាមួយបុគ្គលដែលមាននៅក្នុងរបាយការណ៍របស់អង្គការ OHCHR ប៉ុន្តែគ្មានភស្តុតាងណាមួយត្រូវបានរកឃើញអំពីការតភ្ជាប់ប្រតិបត្តិការទាំងនេះទៅនឹងលទ្ធកម្មអាវុធនោះទេ>>។
របាយការណ៍របស់អង្គការសហប្រជាជាតិដែលមានចំណងជើងថា “ពឹងផ្អែកលើពាណិជ្ជកម្មមរណៈ៖ របៀបដែលធនាគារនិងរដ្ឋាភិបាលផ្តល់លទ្ធភាពឱ្យរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា” បានកត់សម្គាល់ពីការកើនឡើងចំនួនប្រាំដងនៃការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើគោលដៅស៊ីវិល ខណៈដែលរបបនេះកំពុងបាត់បង់ទីតាំង ទឹកដី និងកងទ័ពឱ្យកងកម្លាំងប្រឆាំង។
របាយការណ៍នេះបានអះអាងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលជារបបយោធាមីយ៉ាន់ម៉ាកំពុងពឹងផ្អែកលើធនធានចម្បងចំនួនពីរពីបរទេស ពោលគឺជាអាវុធ និងលុយ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg របាយការណ៍នេះបានអះអាងថា៖ <<ប្រទេសថៃបានក្លាយជាប្រភពឈានមុខគេនៃការផ្គត់ផ្គង់យោធារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ SAC ដែលបានទិញតាមរយៈប្រព័ន្ធធនាគារអន្តរជាតិ>>។ របាយការណ៍នេះបានបន្តថា៖ <<ការផ្ទេរអាវុធនិងសម្ភារៈពាក់ព័ន្ធពីក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសថៃបានកើនឡើងទ្វេដងពីជាង ៦០លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២២ ដល់ជាង ១២០លានដុល្លារក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣>>។
ទោះជាយ៉ាងណា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលថៃ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ ស្ថាប័នទាំងពីរបានទទួលស្គាល់ថាមានផ្នែកខ្លះដែលត្រូវកែលម្អ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរបានឱ្យដឹងថា <<គួរកត់សម្គាល់ថា គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗមានកម្រិតនៃភាពម៉ត់ចត់ខុសៗគ្នាក្នុងប្រតិបត្តិការរបស់ពួកគេ>> និងថា <<ការលើកកម្ពស់>> ការអនុវត្តប្រឆាំងភេរវកម្ម និងប្រឆាំងការលាងលុយកខ្វក់ត្រូវធ្វើឡើងជាចាំបាច់៕