ក្រសួងបរិស្ថាន សេចក្តីណែនាំស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»

Posted By: RoogRog Robot | 03-Jan-2025 19:27:50

2025-01-03 07:21pm

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនិងចង្អុលបង្ហាញពីការងារអាទិភាព ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងសសរស្តម្ភចំនួន៣ គឺ <<ភាពស្អាត ភាពបៃតង និងចីរភាព>> ដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថាន ការលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជា និច្ចនិរន្តរ៍។

ដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាជំហានៗ ក្នុងនោះយុទ្ធនាការទី១ ក្រោមប្រធានបទ <<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមដើម្បីកម្ពុជាស្អាត គ្មានការ បំពុលដោយសំណល់ប្លាស្ទិក និងយុទ្ធនាការទី២ គឺ <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> បានចាប់ផ្តើមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាសកម្មភាពសម្អាត និងប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅតាមបរិវេណ លំនៅឋាន សហគមន៍ សាលារៀន វត្តអារាម និងទីសាធារណៈនានា។

យុទ្ធនាការទាំងពីរនេះ ទទួលបាន ការគាំទ្រនិងជោគជ័យជាបន្តបន្ទាប់ ដោយមានកិច្ចសហការល្អពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ កម្មករ-កម្មការនី ព្រះសង្ឃ និងប្រជា ពលរដ្ឋទូទាំងប្រទេស។

ក្នុងទិសដៅបន្តសម្អាតកម្ពុជា ក្រសួងបរិស្ថានបានកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បើកយុទ្ធនាការជំហានទី៣ គឺ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ <<ផ្លូវជាតិគ្មានសំរាមប្លាស្ទិក>> ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងជាពិសេសដើម្បីការរស់នៅប្រកបដោយផាសុខភាព និងភាពស៊ីវិល័យ។

ដើម្បីជំរុញឱ្យយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ <<ផ្លូវជាតិគ្មានសំរាមប្លាស្ទិក>> ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ក្រសួងបរិស្ថាន សូមស្នើឱ្យមានកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិវិស័យឯកជន សង្គមស៊ីវិល សហគមន៍ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសាធារណជន ចូលរួមអនុវត្តដូចតទៅ៖

ក. រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ១-សូមធ្វើការផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ។ ២-ដឹកនាំ ចាត់ចែងការរៀបចំឱ្យមានការសម្អាតសំរាម និងសំណល់ប្លាស្ទិក នៅតាមបណ្តាតាម ដងផ្លូវទាំងអស់ និងនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ។ ៣-ជំរុញការគ្រប់គ្រង ទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងក្នុងធុងសំរាម ឬនៅតាមទីតាំង កំណត់ឱ្យបានត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោលមិនត្រឹមត្រូវ ដែលអាចបង្កការប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងគុណភាពបរិស្ថាន។ ៤-ជំរុញការដាំដើមឈើនៅតាមទីសាធារណៈ តាមដងផ្លូវ បង្កើនគម្របបៃតង សោភ័ណភាព ទីក្រុងនិងទីប្រជុំជន នៅតាមមូលដ្ឋានរបស់ខ្លួន។

ខ. ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យ សាលារៀន វត្តអារាម ១-សូមចូលរួមធ្វើការផ្សព្វផ្សាយនិងបន្តអនុវត្តយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> និង យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន ដោយបំផុសស្មារតីនិងសកម្មភាពសម្អាតអនាម័យបរិស្ថាន ទុកដាក់សំរាម ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ២-ចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួន ធ្វើការគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ តាមរយៈការញែក ការទុកដាក់ និងមិនបោះចោល តាមដងផ្លូវ ទីសាធារណៈ ប្រភពទឹកសាធារណៈ ឬដុតនៅទីចំហរ, ៣-ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសម្ថកិច្ចពាក់ព័ន្ធការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក។

គ. តំបន់សហគមន៍ កន្លែងកម្សាន្ត រមណីយដ្ឋាន ភោជនីយដ្ឋាន និងអាហារដ្ឋាន ១-ចូលរួមធ្វើអនាម័យ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការសម្អាតទីតាំងរបស់ខ្លួនជាប់ ប្រចាំ សន្សំសំចៃថាមពល ការពារថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ, ២-ចូលរួមសកម្មភាពសម្អាតតាមដងផ្លូវ ឬទីសាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួនតាមការដឹកនាំ សម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន និងបន្តរការសម្អាតនេះឱ្យបានជាប់ជាប្រចាំនៅក្នុង និងជុំវិញបរិវេណ ទីតាំងរបស់ខ្លួន។៣-ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ប្លាស្ទិក និងសំណល់រាវឱ្យ បានត្រឹមត្រូវ។

ឃ. ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានជាតិ អន្តរជាតិ៖ សូមចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការបរិស្ថានគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធ នឹងវិស័យបរិស្ថានឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួមយុទ្ធនាការឱ្យទទួលបានជោគជ័យដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។

ក្នុងស្មារតីនេះ ក្រសួងបរិស្ថានមានសេចក្តីសង្ឃឹមយ៉ាងមុតមាំ និងសូមអំពាវនាវដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល សមាគម ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍ និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការ និងអនុវត្តឱ្យបានជោគជ័យនូវយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ <<ផ្លូវជាតិគ្មានសំរាមប្លាស្ទិក>> នេះ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...