(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្វាយ-ជូនពរ ចំពោះឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា សម្តេចរាជបុត្រីព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ ក្នុងឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល២០២៥។ នេះបើតាមសារលិខិតថ្វាយ-ជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សារលិខិតថ្វាយ-ជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចតទៅ៖
ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយភាពត្រជាក់ត្រជំ និងមនោសញ្ចេតនាសោមនស្ស រីករាយឆ្លងឆ្នាំ ចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៥ ដែលនឹងឈានមកដល់ក្នុងពេល ខាងមុខនេះ ទូលបង្គំ ខ្ញុំ សូមសម្តែងនូវអំណរសាទរ និងសូមជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរជូនឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា សម្តេចរាជបុត្រីព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម សម្តេច ព្រះអង្គម្ចាស់ លោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពពេញផ្ទៃ ប្រទេស ទទួលបានលទ្ធផលរំពឹងទុក។ កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងលទ្ធផលគួរជាទីមោទនៈ ទាំងនេះ បានជួយលើកកម្ពស់បន្ថែមទៀតនូវគុណភាពជីវិត សុភមង្គល និងសុខដុមរមនារបស់ប្រជាជនទូទាំង ប្រទេស និងបានបង្កើនបន្ថែមទៀតនូវជំនឿទុកចិត្តរបស់ប្រជាជនមកលើព្រឹទ្ធសភាដែល ជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលរបស់ជាតិ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលនេះ ទូលបង្គំ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្តិសិទ្ធិទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ថ្វាយ-ជូនដល់ ឯកឧត្តម សម្តេច ព្រះអង្គម្ចាស់ លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជ ការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមបាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕