ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងថ្មី លោក Choi នឹងតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ដើម្បីស្តារស្ថិរភាពនយោបាយក្នុងប្រទេស

Posted By: RoogRog Robot | 31-Dec-2024 19:27:06

2024-12-31 07:22pm

(សេអ៊ូល)៖ ប្រធានាធិបតីស្តីទីថ្មីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok បានប្រកាសថា លោកនឹងចាត់វិធានការជាបន្ទាន់ ដើម្បីបំពេញតំណែងទំនេរនៅតុលាការធម្មនុញ្ញ ក្នុងគោលបំណងស្តារស្ថិរភាពនយោបាយ ក្រោយភាពចលាចលដែលបង្កឡើងដោយការចោទប្រកាន់អ្នកកាន់តំណែងមុនពីររូប គឺប្រធានាធិបតី Yoon Suk Yeol និងនាយករដ្ឋមន្រ្តី Han Duck-soo ក្នុងខែនេះ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Choi ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី កាលពីថ្ងៃទី ២៧ ខែធ្នូ បន្ទាប់ពីសភាបានចោទប្រកាន់នាយករដ្ឋមន្រ្តី Han Duck-soo។ លោក Han ធ្លាប់កាន់តំណែងជាប្រធានាធិបតីស្តីទី ចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូ ក្រោយអំណាចរបស់ប្រធានាធិបតី Yoon Suk Yeol​ត្រូវបានព្យួរ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ។

លោក Choi ប្រកាសថា លោកនឹងតែងតាំងចៅក្រមតុលាការធម្មនុញ្ញពីររូបភ្លាមៗ ហើយចៅក្រមទីបី នឹងត្រូវតែងតាំងនៅពេលដែលគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចឯកភាពគ្នាលើបេក្ខភាព។ លោកបានបញ្ជាក់ថា ការតែងតាំងនេះ គឺដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ផ្នែកនយោបាយ ជម្លោះសង្គម និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ការបំពេញតំណែងទំនេរ នៅក្នុងតុលាការធម្មនុញ្ញ គឺមានសារៈសំខាន់ខ្លាំង ព្រោះតុលាការនេះនឹងត្រូវសម្រេចលើជោគវាសនា របស់លោក Yoon និងលោក Han។ បច្ចុប្បន្ន តុលាការមានតំណែងទំនេរចំនួន០៣ ដែលធ្វើឱ្យវាមិនអាច សម្រេចលើការដកលោក Yoon ចេញពីតំណែងបាន។

ការតែងតាំងចៅក្រម បានក្លាយជាចំណុចនៃជម្លោះ រវាងគណបក្សនយោបាយនានា នៅកូរ៉េខាងត្បូង។ លោក Choi បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយវិបត្តិនយោបាយ និងស្តារស្ថិរភាពឡើងវិញ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...