(ពោធិ៍សាត់)៖ អគ្គនាយកក្រុមហ៊ុន សែវឌឺឡាហ្វស៍( ខេមបូឌា) ឯ.ក លោក ស៊ី ឡែន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលផលិតជីសរីរាង្គធម្មជាតិ បង្កើតឡើងនៅដើមឆ្នាំ២០២៤ នៅក្នុងភូមិបន្ទាយដីលើ ឃុំបន្ទាយដីលើ ក្រុងពោធិសាត់ ខេត្តពោធិសាត់ កំពុងទទួលបានសន្ទុះផុសផុលគាំទ្រពីពលរដ្ឋ ក្នុងការទិញជីសរីរាង្គពីក្រុមហ៊ុនលោកនាពេលបច្ចុប្បន្ន។ លោក ស៊ី ឡែន បានបញ្ជាក់ឱ្យដឹងថា ការផលិតជីសរីរាង្គបាន ដោយសារការប្រមូលសំណល់ពីផ្ទះបាយ សំណល់បន្លែផ្លែឈើពីទីផ្សារ និងមានលាមកសត្វរួមមាន៖ លាមកគោ មាន់ ប្រចៀវ និងសារធាតុផ្សេងៗ ដែលទាំងអស់នេះជាធាតុផ្សំបង្កើតបានជាជីសរីរាង្គ។
លោកអគ្គនាយកបានលើកឡើងទៀតថា អត្ថប្រយោជន៍នៃការប្រើជីសរីរាង្គធម្មជាតិគឺទី១.ជួយនូវបម្រែបម្រួលស្ថានភាពដី ឱ្យមាននិរន្តរភាពល្អបានយូរ ទី២.ជួយឱ្យដំណាំ និងបន្លែផ្លែឈើមានសារធាតុចិញ្ចឹមល្អ និងទី៣.ទិន្នផលផលកសិកម្មដែលដាំដុះដោយប្រើជីសរីរាង្គធ្វើឱ្យដំណាំផ្លែឈើធម្មជាតិ លើកកម្ពស់នូវសុខមាលភាពប្រជាពលរដ្ឋ។ លោកថាការផលិតជីបានក្នុង១ថ្ងៃបាន៤០តោន នៅក្រុមហ៊ុនលោក បានចែកចាយលក់ដល់ប្រជាកសិករអ្នកប្រើប្រាស់ផ្ទាល់ និងដាក់ទៅម្ចាស់ដេប៉ូនានា ដែលយកទៅលក់បន្ត។
លោកអគ្គនាយកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានថ្នាក់ដឹកនាំដែលចុះមកពិនិត្យផ្ទាល់ដល់ក្រុមហ៊ុន ដែលជាចំណែកមួយកំពុងជំរុញដល់សិប្បករ ដែលផលិតនូវផលិតផលក្នុងស្រុក គាំទ្រដល់ការផលិត និងការប្រើប្រាស់ជីសរីរាង្គផលិតក្នុងស្រុកឱ្យកាន់តែទូលំទូលាយថែមទៀត ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ជួយកម្ពស់ជីវភាពប្រជាកសិករ៕