(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានចូលទៅក្នុងនិវេសនដ្ឋានរបស់ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ហើយចាប់ផ្ដើមអនុវត្តដីកាចាប់ខ្លួន នៅថ្ងៃសុក្រ ទី៣ ខែមករា នេះ ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីដើមខែធ្នូកន្លងទៅ ខណៈនេះជាលើកដំបូងបំផុតដែលអាជ្ញាធរកូរ៉េខាងត្បូងព្យាយាមចាប់ខ្លួនប្រធានាធិបតីកំពុងកាន់អំណាច។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Yoon Suk Yeol ដែលត្រូវបានសភាព្យួរតំណែង ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌក្រោមបទចោទប្រកាន់បះបោរ រួមទាំងការចាប់ខ្លួន ឬជាប់ពន្ធនាគារ។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានឱ្យដឹងថា <<ការអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol បានចាប់ផ្ដើម>>។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតត្រូវបានរារាំងដោយអង្គភាពយោធាមួយនៅក្នុងនិវេសនដ្ឋានរបស់លោក Yoon ហើយគេក៏មិនទាន់ដឹងច្បាស់ថាតើអង្គរក្សប្រធានាធិបតីដែលកំពុងការពារសុវត្ថិភាព លោក Yoon ក្នុងនាមជាប្រធានាធិបតីកំពុងអំណាចនៅឡើយ នឹងអនុវត្តតាមដីកាចាប់ខ្លួនរបស់ក្រុមអ្នកស៊ើបអង្កេតដែរឬក៏យ៉ាងណានោះទេ។
គួរបញ្ជាក់ថា កងកម្លាំងប៉ូលិសជាង ២៧០០នាក់ និងរថយន្ដក្រុងរបស់ប៉ូលិស១៣៥គ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់និវេសនដ្ឋានរបស់លោក Yoon ដើម្បីបង្ការការប៉ះទង្គិចគ្នា ក្រោយក្រុមអ្នកគាំទ្រ របស់លោក Yoon ប្រឈមមុខជាមួយក្រុមបាតុករប្រឆាំងលោក Yoon កាលពីថ្ងៃព្រហស្បតិ៍។ ប្រសិនបើត្រូវចាប់ខ្លួនពិតមែន លោក Yoon នឹងក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់ កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន ស្របពេលដីកាចាប់ខ្លួនរូបលោកនឹងត្រូវអស់សុពលភាព នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕