(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋានរបស់ប្រធានាធិបតី នៅថ្ងៃសុក្រ ទី៣ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
ក្រុមអ្នកស៊ើបអង្កេតដឹកនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បានបង្ហាញដីកាចាប់ខ្លួនលោក Yoon ចេញដោយតុលាការ និងការអនុញ្ញាតឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី។ ប៉ុន្តែ ប្រធានកងអង្គរក្សការពារប្រធានាធិបតី លោក Park Chong-jun បានបដិសេធមិនឱ្យក្រុមអ្នកស៊ើបអង្កេតចូល ដោយសំអាងលើការរឹតត្បិតចំពោះតំបន់សុវត្ថិភាព។ <<រដ្ឋអាជ្ញាមកពីអង្គភាព CIO និងក្រុមអ្នកស៊ើបអង្កេតបានប្រឈមមុខជាមួយកងអង្គរក្សប្រធានាធិបតីនៅខាងមុខ និវេសនដ្ឋាន បន្ទាប់ពីបានឆ្លងរនាំងការពារទី១ និងទី២>>។ នេះជាការគូសបញ្ជាក់របស់ប៉ូលិសម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap។
គួរបញ្ជាក់ថា លោក Yoon Suk Yeol ដែលត្រូវបានសភាព្យួរតំណែង ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងប្រឈមមុខនឹង ការស៊ើបអង្កេតព្រហ្មទណ្ឌក្រោមបទចោទប្រកាន់បះបោរ។ CIO មានពេលរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោក Yoon៕